(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ ដែលរៀបចំជាលើកដំបូងនៅ​កម្ពុជា​នោះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យឆ្លាក់លើផ្ទាំងសិលានៅវិមាន​ឈ្នះ-ឈ្នះ ទុកជាតឹកតាង និងអំណះអំណាងប្រវត្តិសាស្ត្រ​ដ៏អស្ចារ្យ រុងរឿង​ល្បី​ល្បាញ​របស់កម្ពុជា សម្រាប់កូនចៅគ្រប់ជំនាន់ គ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅ​ប្រទេស បានឃើញបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។

ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

ក្រៅតែពីការឆ្លាក់នូវអត្ថន័យ និងពាក្យស្លោកនានាដែលលេចធ្លោក្នុងព្រឹត្តិការណ៍​ស៊ី​ហ្គេមនេះហើយនោះ អត្តពលិកឆ្នើមកម្ពុជាដែលមានស្នាដៃលេចធ្លោ​ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម ហើយទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡា ក៏នឹងត្រូវឆ្លាក់ទុកលើផ្ទាំងសិលានៅវិមានឈ្នះ-ឈ្នះផងដែរ។

រាជរដ្ឋាភិបាល បានកត់សម្គាល់ថា ភាពអស្ចារ្យ និងជោគជ័យនៃដំណើរការរៀបចំ​ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ របស់កម្ពុជា បានបង្កើតនូវ​គំរូ​ក្នុង​កំណត់​ត្រាប្រវត្តិសាស្ត្រថ្មីមួយនៃទំព័រព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលជាសញ្ញាណ​នៃ​ការឈានទៅរកការកែទម្រង់ និងធ្វើបច្ចុប្បន្នកម្មលើលក្ខខណ្ឌនានា ក្នុងការរៀបចំ​ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកក្រោយៗទៀត ដើម្បីឆ្លើយតបទៅនឹងការ​វិវឌ្ឍ​នៃសហ​គមន៍អាស៊ាន។

រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងរៀបចំចងក្រងនូវកម្រងវីដេអូឯកសារជា​ប្រវត្តិសាស្រ្តនូវ​ព្រឹត្តិការណ៍ទាំងមូល ក៏ដូចជាវីដេអូនៃគ្រប់វិញ្ញាសានៃការប្រកួតកីឡាស៊ីហ្គេម​លើកទី​៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគ​ជ័យ និង​សោមនស្សរីករាយក្រៃលែង។

ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ រាជរដ្ឋាភិបាល សម្ដែងនូវអំណរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងនាមកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ ដែលបានប្រព្រឹត្តទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ និងទទួល​បាន​ការកោតសរសើរ និងវាយតម្លៃខ្ពស់ពីគ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ ព្រមទាំង​ទទួលបានលទ្ធផលគួរជាទីមោទនៈបំផុតសម្រាប់ប្រជាជាតិកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អត្តពលិក គ្រូបង្វឹក ប្រតិភូ​កី​ឡា​កម្ពុជា ក្រុមការងារបច្ចេកទេសគ្រប់ផ្នែកគ្រប់ទីតាំង ដែលបានខិតខំប្រឹងប្រែងរួម ចំណែកធ្វើឱ្យកម្ពុជាបំបែកនូវកំណត់ត្រារបស់ខ្លួន ក្នុងការទទួលបានមេដាយបាន​ច្រើន​បំផុតក្នុងប្រវត្តិនៃការចូលរួមប្រកួតកីឡាស៊ីហ្គេម។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ​រៀប​ចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (CAMSOC–CAMAPGOC) ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ កង​កម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ក្រុមអ្នកស្ម័គ្រចិត្ត និងគ្រប់ភាគីពាក់ព័ន្ធ ដែលបាន​សហការ និងខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះឡើង​ឱ្យ​ទទួល​បានជោគជ័យជាប្រវត្តិសាស្ត្រជូនជាតិមាតុភូមិ៕