(ភ្នំពេញ)៖ គណបក្សមហាសាមគ្គីជាតិខ្មែរ នឹងបន្តប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យសម្រេចតាមនីតិវិធីច្បាប់ ក្រោយគ.ជ.ប បដិសេធការចុះបញ្ជី ដោយសារតែខ្លួនមានការធ្វេសប្រហែសធ្វើឲ្យបាត់ទម្រង់នៃសេចក្តីប្រកាស ស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ គណបក្សមហាសាមគ្គីជាតិខ្មែរ ក៏បានអំពាវនាវឱ្យគណបក្សនយោបាយទាំងអស់គោរពទៅតាមច្បាប់ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្ម​នុញ្ញ។

គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាសជាមុនថា ខ្លួនក៏នឹងទទួលរងចាំលទ្ធផលចំពោះសេចក្ដីសម្រេចចុងក្រោយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលនឹងសម្រេចឲ្យគណបក្សមហាសាមគ្គីជាតិខ្មែរ មានសិទ្ធិបោះឆ្នោត ឬមិនមានសិទ្ធិបោះឆ្នោត គឺគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវគោរពទទួលយកតាមស្មារតី នៃសេចក្តីសម្រេចដ៏ត្រឹមត្រូវរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានសម្រេចផ្អែកលើច្បាប់ជាធរមាន។

សេចក្តីប្រកាសរបស់ គណបក្សមហាសាមគ្គីជាតិខ្មែរ បានបញ្ជាក់ថា ខ្លួនក៏មានការសោកស្តាយយ៉ាងខ្លាំងផងដែរ ដែលត្រូវបានគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើការបដិសេធមិនអនុញ្ញាត ឲ្យគណបក្សមហាសាមគ្គីជាតិខ្មែរ ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ គណបក្សមហាសាមគ្គីជាតិខ្មែរ បាត់បង់ឱកាសពេលនេះក៏ដោយសារគណបក្សមហាសាមគ្គីជាតិខ្មែរ មានការធ្វេសប្រហែសធ្វើឲ្យបាត់ទម្រង់នៃសេចក្តីប្រកាស ស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ជាហេតុដែលមិនអាច ធ្វើសេចក្ដីបញ្ជាក់ថតចម្លងនីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចគ្នាទៅនឹងគណបក្សភ្លើងទៀន។

សេចក្តីប្រកាស បានបន្ថែមថា គណបក្សមហាសាមគ្គីជាតិខ្មែរ ក៏ដូចជាគណបក្សភ្លើងទៀន បើមានពាក្យបណ្ដឹងពិតណាស់នឹងឈានដល់ការ សម្រេចដោយក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នមានសមត្ថកិច្ចពិនិត្យសម្រេចលើទម្រង់ច្បាប់ និងធ្វើសេចក្តីសម្រេចចុងក្រោយ បិទផ្លូវតវ៉ា។ ដូចនេះគណបក្សមហាសាមគ្គីជាតិខ្មែរ នឹងរង់ចាំទទួលយកនូវសេចក្តីសម្រេចចុងក្រោយរបស់ក្រុមប្រឹក្សាធម្មនុញ្ញគ្រប់ទម្រង់ នៃសេចក្ដីសម្រេចស្របច្បាប់ទាំងអស់ដោយគ្មានការតវ៉ា។

គណបក្សនេះ សូមអំពាវនាវឱ្យសាធារណជនចូលរួមអនុវត្តច្បាប់ជាធំ និងចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតឲ្យគណបក្សនយោបាយណាដែលខ្លួនពេញចិត្ត ជឿទុកចិត្ត ដែលបានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕