(ព្រៃវែង)៖ ទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជាកូរ៉េ (កយកា-KOICA) រួមជាមួយ សមា​គមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (កាំកា-CAMKAA) និងក្រុមហ៊ុន Hesed ក្រុមហ៊ុនហ៉ីយ៉ាន់ដាយ (Hyundai Camko Motors) ធនាគារស៊ីនហាន(Shinhan Bank) ក្រុមហ៊ុនវែរីវើដស៍(VeryWords) និង ធនាគារអ៊ូរី(Woori Bank) បានរួមគ្នាធ្វើសកម្មភាពមនុស្សធម៌នៅក្នុងខេត្តព្រៃវែង។

កម្មវិធីមនុស្សធម៌នោះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា​-KOICA) ប្រចាំប្រទេសកម្ពុជា លោកស្រី ហ៊ន់ សុធារី អភិបាលរង​ខេត្តព្រៃវែង លោក អ៉ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការី (កាំកា) និងជាអគ្គលេខា​ធិការរងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង និង លោក សំរិត ពិសិដ្ឋ នាយកស្តីទីអនុវិទ្យាល័យតាកោ ខេត្តព្រៃវែង។

អង្គភាពពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាច្រើនរូប រួមទាំងតំណាងមកពីក្រុម​ហ៊ុន Hesed ក្រុមហ៊ុនហ៉ីយ៉ាន់ដាយ(Hyundai Camko Motors) ធនាគារស៊ីនហាន(Shinhan Bank) ក្រុមហ៊ុនវែរីវើដស៍(VeryWords), និង ធនាគារអ៊ូរី(Woori Bank) លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលមានអ្នកចូលរួមសរុប​ប្រមាណ ៣៥០នាក់ បានចូលរួមក្នុងពិធីចែកអំណោយនេះ។

សម្ភារៈដែលត្រូវចែកជូនដល់សិស្សានុសិស្សរួមមាន កង់ ១៥០គ្រឿង មួកសុវត្ថិ​ភាព​ចំនួន៣០០ ឯកសណ្ឋានសិស្សចំនួន ១៥០កំប្លេ សៀវភៅសរសេរ​ចំនួន ១,០០០​ក្បាល ប៊ិចចំនួន ២០០ឈុត ស្ករត្នោត ៣០០ថង់ និងថ្នាំពេទ្យ។ កម្មវិធីចែក​អំណោយ​​នេះ ត្រូវបានធ្វើឡើងដោយសារការចូលរួម និងការរួមចំណែកពីក្រុម​ហ៊ុនកូរ៉េ ដែលរស់នៅក្នុងប្រទេសកម្ពុជាដូចជា ក្រុមហ៊ុន Hesed ក្រុមហ៊ុនហ៉ីយ៉ាន់ដាយ (Hyundai Camko Motors) ធនាគារស៊ីនហាន(Shinhan Bank) ក្រុមហ៊ុនវែរីវើដស៍ (VeryWords) និងធនាគារអ៊ូរី (Woori Bank)។

ក្រុមហ៊ុន Hesed គឺជាសហគ្រាសកសិ-ពាណិជ្ជកម្ម ដែលផលិតផលសំខាន់ គឺស្ករ ត្នោត និងផ្លែឈើស្ងួតដែលផលិតនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនហ៉ីយ៉ាន់ដាយ(Hyundai Camko Motors) គឺជាក្រុមហ៊ុនលក់រថយន្ត។ ធនាគារស៊ីនហាន(Shinhan Bank) និង ធនាគារអ៊ូរី(Woori Bank)គឺជាគ្រឹះស្ថានហិរញ្ញវត្ថុ។ ក្រុមហ៊ុនវែរីវើដស៍(VeryWords) គឺជាសហគ្រាសលក់យានយន្តអេឡិចត្រូនិច ដែលផលិតផលចម្បងរបស់ក្រុនហ៊ុនគឺ កង់អេឡិចត្រូនិច និងសូឡា SHS។

បន្ទាប់ពីពិធីចែកអំណោយ ក្រុមវេជ្ជបណ្ឌិតរបស់កយកា-KOICA ដោយមានជំនួយ​ពីក្រុមសុខសប្បាយ ដែលមានសមាសភាពមកពីអ្នកស្ម័គ្រចិត្ត កយកា-KOICA និងសមាជិកកាំកា-CAMKAA បានផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺជូនអ្នក​ជំងឺ​ប្រមាណ ៣០០នាក់ នៅអនុវិទ្យាល័យតាកោផងដែរ។

លើសពីនេះ ក្រុមសុខសប្បាយ រួមជាមួយលោកគ្រូ អ្នកគ្រូ នៅខេត្តព្រៃវែង បានផ្តល់​ការអប់រំសុខភាពមួយចំនួន ស្តីពីសុខភាពនិងអនាម័យ ដល់សិស្សានុសិស្ស ដើម្បី​រក្សា​បាននូវទម្លាប់អនាម័យល្អ។ ទម្លាប់ទាំងនេះអាចជួយ​ការពារការរាលដាល​នៃ​ជំងឺ និងរក្សាសុខភាពបុគ្គល។ ក្រុមការងារក៏បានអនុវត្តសកម្មភាពអប់រំកាយ ជាមួយ​សិស្សដើម្បីបង្កើនកម្លាំងរាងកាយរបស់ពួកគេផងដែរ។

លោកស្រី ហ៊ន់ សុធារី អភិបាលរងខេត្តព្រៃវែង បានថ្លែងអំណរគុណចំពោះ កយ​កា-KOICA និងអ្នកចូលរួមទាំងអស់ ដែលនរៀបចំសកម្មភាពមនុស្សធម៌ ក្នុង​ខេត្ត​ព្រៃវែង។ គាត់ទន្ទឹងរង់ចាំធ្វើសកម្មភាពមនុស្សធម៌នេះជាមួយ កយកា-KOICA នាពេលបន្តបន្ទាប់ទៀត។

ក្នុងឱកាសនោះ លោក នោ ហ្យន់ជូន បានវាយតម្លៃខ្ពស់លើកម្មវិធីមនុស្សធម៌នេះ ដោយ​មានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះគឺផ្អែកលើភាពជាដៃគូ និងកិច្ចសហប្រតិ​បត្តិការ​ដ៏រឹងមាំក្នុងចំណោម កយកា-KOICA កាំកា-CAMKAA ក្រុមហ៊ុនHesed ក្រុមហ៊ុនហ៉ីយ៉ាន់ដាយ (Hyundai Camko Motors) ធនាគារស៊ីនហាន(Shinhan Bank) ក្រុមហ៊ុនវែរីវើដស៍(VeryWords) និងធនាគារអ៊ូរី (Woori Bank)។

លោក បានបន្ថែមថា កម្មវិធីននេះអាចប្រព្រឹត្តទៅបានតែដោយសារការ​រួម​ចំណែក​ដ៏សប្បុរសពីសំណាក់ក្រុមហ៊ុនកូរ៉េ ខណៈដែលការិយាល័យ​កយា-KOICA ប្រចាំ​ប្រទេសកម្ពុជា ទើបតែជួយរៀបចំ ដើម្បីនាំមកនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់តួ​អង្គ​ពាក់ព័ន្ធ។

លោកបានសន្និដ្ឋានថា ការិយាល័យកយកា-KOICA ប្រចាំនៅប្រទេសកម្ពុជា រួមជា​មួយ​នឹងមិត្តល្អដូចជា កាំកា-CAMKAA ក្រុមហ៊ុនHesed ក្រុមហ៊ុនហ៉ី​យ៉ាន់ដាយ(Hyundai Camko Motors) ធនាគារស៊ីនហាន (Shinhan Bank) ក្រុមហ៊ុនវែរីវើដស៍(VeryWords) និង ធនាគារអ៊ូរី(Woori Bank) នឹងបន្តជួយដល់​រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា៕