(ភ្នំពេញ)៖ លោក ហ៊ុយ ស្រគៀល ជាខ្មែរទទួលបានសញ្ជាតិអាមេរិកមួយរូប ដែល​តែង​តែអត្ថាធិប្បាយលើបណ្តាញសង្គមរិះគន់លើរាជរដ្ឋាភិបាល ហើយលោកមាន​សមានចិត្តខ្ពស់ជាមួយក្រុមបក្សប្រឆាំងអតីតបក្សសង្គ្រោះជាតិ។

ក្នុងពេលដែលកម្ពុជារៀបចំការប្រកួតស៊ីហ្គេម លោក ហ៊ុយ ស្រគៀល បានចូលមក​លេង​ស្រុកកំណើត បន្ទាប់ពីខកខានមកកាន់ស្រុកខ្មែរអស់រយៈពេល ១៣ឆ្នាំ។ ជាមួយ​ដំណើរមកលេងស្រុកកំណើត លោក ហ៊ុយ ស្រគៀល បានធ្វើដំណើរគ្រប់​ច្រកល្ហក ទាំងអស់។

ជាមួយដំណើរគ្រប់ច្រកល្ហកនេះធ្វើឱ្យលោក ហ៊ុយ ស្រគៀល បានមើលឃើញជាក់​ស្តែងលើការរីកចម្រើន និងការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែល​មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

បន្ទាប់ពីបានឃើញភាពរីកចម្រើនដោយផ្ទាល់ភ្នែកបែបនេះ បានធ្វើឱ្យលោក ស្រគៀល សម្តែងនូវការសោកស្តាយ និងមានវិប្បដិសារីផងដែរ ចំពោះការអត្ថា​ធិប្បាយរបស់លោកនាពេលកន្លងមក ដោយបានប្រមាថ និងតិះទៀនធ្ងន់ៗទៅលើ​រាជ​រដ្ឋា​ភិបាល។

ជាមួយនឹងការដោយហើរដោយសេរីលើទឹកដីខ្មែរ លោក ស្រគៀល បានអញ្ជើញខ្មែរ​នៅ​ក្រៅ​ប្រទេស​ទាំងអស់ ចូលមកលេងស្រុកខ្មែរ ដើម្បីបានឃើញផ្ទាល់ភ្នែកចំពោះ ស្ថានភាពសង្គម ក៏ដូចជាការអភិវឌ្ឍទាំងឡាយ៕