(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ មន្ទីរពេទ្យកាល់ម៉ែត បានរៀបចំពិធីក្រុងពាលី និងចម្រើនព្រះបរិត្ដឡើងមជ្ឈមណ្ឌលពហុឯកទេស នៃអគារតេជោអភិវឌ្ឍន៍ ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។

ពិធីក្រុងពាលីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យកាល់ម៉ែតជាច្រើនរូបផងដែរ។

អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ គឺមិនមែនសាងសង់ឡើងគ្រាន់តែរៀបចំហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្តែអគារនេះត្រូវបំពាក់ទៅដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលនាំចូលមកពីប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបនឹងតម្រូវការ ក៏ដូចជាក្តីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា លើសេវាសុខភាពសាធារណៈស្របតាមសកលភាវូបនីយកម្ម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងម៉េចចង់ឱ្យស្រុកយើងនេះអាចព្យាបាលជំងឺបានកម្រិតខ្ពស់នៅក្នុងស្រុក ចៀសវាងទៅស្រុកគេ លើកលែងតែករណីណាយើងធ្វើមិនបាន។

អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត មានបន្ទប់វះកាត់ចំនួន១០ គឺបំពាក់ទៅដោយឧបរកណ៍វេជ្ជសាស្ត្រទំនើបៗ ចុងក្រោយគេ។ ស្ថាបត្យកម្មសំណង់ដ៏ធំស្កឹមស្កៃនេះ បានសាងសង់ឡើងស្របតាមបច្ចេកទេស វិស្វកម្មសំណង់ស្តង់ដារលំដាប់ខ្ពស់ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយមានលក្ខណៈប្រទាក់ក្រឡាគ្នា មានគុណភាព និងភាពរឹងមាំយូរអង្វែង សមស្របនឹងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗកម្រិតខ្ពស់ចុងក្រោយ សម្ភារៈប្រើប្រាស់ម៉ាកល្បីៗ ជាមួយនឹងក្រុមវេជ្ជបណ្ឌិតជំនាញៗគ្រប់ឯកទេស។

អគារតេជោអភិវឌ្ឍន៍ ដែលជាមជ្ឈមណ្ឌលពហុឯកទេស ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីដើមខែមីនា ឆ្នាំ២០១៨។

អគារទំនើបថ្មីមួយបន្ថែមទៀតនេះ មាន៤៦៥គ្រែ ដោយនឹងបំពាក់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខ ដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រ សំខាន់ៗទាំងអស់ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្ម ពហុឯកទេសទំនើប។ ខណៈនៅជាន់ខាងលើនៃអគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ គឺមានកន្លែងចុះចតឧទ្ធម្ភាគចក្រផងដែរ៕