(ភ្នំពេញ)៖ អគ្គិភ័យឆាបឆេះរោងចក្រ អឹម ស្តារ អេមប្រូរដឺរី បានបំផ្លាញឃ្លាំងមួយប្រហែល៣០%, ម៉ាស៊ីនប៉ាក់ចំនួន ១០គ្រឿង និងសម្ភារ:មួយចំនួនទៀត។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០១៖៤៥នាទីយប់រំលងអាធ្រាត ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញ ភ្លាមៗនោះលោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ក្នុងនោះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានបាញ់ទឹកទប់ស្កាត់ មិនឲ្យអណ្តាតភ្លើងឆាបឆេះរាលដាលទៅមុខទៀតឡើយ។

នៅប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត២០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់០៩ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះរោងចក្រ អឹម ស្តារ អេមប្រូរដឺរី ខូចខាតឃ្លាំងចំនួន១ឃ្លាំងអស់ប្រហែល៣០%, ម៉ាស៊ីនប៉ាក់ចំនួន ១០គ្រឿង និងសម្ភារ:មួយចំនួន។ ក្នុងនោះ ជាប្រភេទសំណង់ ថ្មប្រក់ស័ង្កសី ដែលមានទំហំ (៣០ម៉ែត្រ គុណ៥០ម៉ែត្រ)។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕