(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសេចក្តីសោមនោសរីករាយសូមជម្រាបជូន ដល់សាធារណជនមេត្តាជ្រាបថា ថ្ងៃសៅរ៍ ១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៣ គឺជាទិវាមាត្រាសាស្ត្រពិភពលោក (World Metrology Day)។ ទិវាមាត្រាសាស្ត្រពិភពលោកនេះ ត្រូវបានប្រារព្ធប្រចាំឆ្នាំក្នុងគោលបំណង នៃការរំលឹកការចុះហត្ថលេខាលើអនុសញ្ញារង្វាស់រង្វាល់ដែលត្រូវបានរៀបចំឡើងនាថ្ងៃទី២០ ខែឧសភាឆ្នាំ១៨៧៥ ដោយពេលនោះមានតំណាងប្រទេសចំនួនដប់ប្រាំពីរបានចុះហត្ថលេខា។ អនុសញ្ញានេះផ្តល់ជាមូលដ្ឋានសម្រាប់ប្រព័ន្ធរង្វាស់រង្វាល់ ឱ្យមានភាពស៊ីសង្វាក់គ្នាទូទាំងពិភពលោកដែលជួយគាំទ្រដល់ការរកឃើញវិទ្យាសាស្ត្រ និងនវានុវត្តន៍ ផលិតផលឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាការកែលម្អគុណភាពជីវិត និងការការពារបរិស្ថានពិភពលោក។

ទិវាមាត្រាសាស្ត្រពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «រង្វាស់រង្វាល់ជួយគាំទ្រដល់ប្រព័ន្ធម្ហូបអាហារជាសកល»។ ប្រធានបទនេះ ត្រូវបានជ្រើសរើសដោយសារតែការកើនឡើងនូវបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុនិងការផ្គត់ផ្គង់ស្បៀងអាហារជាសកលនៅក្នុងពិភពលោកដែលចំនួនប្រជាជនពិភពលោកឈានដល់ ៨ពាន់លាននាក់ នៅចុងឆ្នាំ២០២២។

នៅទូទាំងពិភពលោក វិទ្យាស្ថានមាត្រាសាស្ត្រជាតិនៃបណ្តាប្រទេសនានាបាននឹងកំពុងខិតខំបន្តធ្វើឱ្យប្រសើរ ឡើងនូវវិទ្យាសាស្ត្ររង្វាស់រង្វាល់ ដោយអភិវឌ្ឍន៍ឆ្លើយតបដំណាក់កាលឧស្សាហកម្មជំនាន់ទី៤ ដែលជាបច្ចេកទេសរង្វាស់រង្វាល់ថ្មីៗ នៅកម្រិតចាំបាច់នៃភាពទំនើបកម្ម (ការផ្លាស់ប្តូរឌីជីថលក្នុងមាត្រាសាស្ត្រ)។ វិទ្យាស្ថានមាត្រាសាស្ត្រជាតិនានា បានចូលរួមក្នុងការប្រៀបធៀបរង្វាស់រង្វាល់ដែលសម្របសម្រួលដោយការិយាល័យអន្តរជាតិទម្ងន់ និងរង្វាស់រង្វាល់ (Bureau International des Poids et Mesures - BIPM) ដើម្បីធានាបាននូវភាពជឿជាក់នៃលទ្ធផល នៃរង្វាស់ រង្វាល់ទូទាំងពិភពលោក។ អង្គការនីត្យានុកូលមាត្រាសាស្ត្រអន្ដរជាតិ (OIML) បានអភិវឌ្ឍស្តង់ដារបទប្បញ្ញត្តិបច្ចេកទេសអន្តរជាតិ (International Recommendation) ដែលមានគោលបំណងដើម្បីឱ្យមានភាពអនុលោម និងធ្វើឱ្យមានសុខដុមនីកម្ម តម្រូវការ បច្ចេកទេសទូទាំងពិភពលោកលើវិស័យជាច្រើន។ អង្គការនីត្យានុកូលមាត្រាសាស្ត្រអន្ដរជាតិ ក៏ដំណើរការផងដែរនូវ ប្រព័ន្ធវិញ្ញាបនប័ត្រ OIML-CS ដែលសម្របសម្រួលដល់ការទទួលយកជាអន្តរជាតិ និងពាណិជ្ជកម្មពិភពលោកនៃឧបករណ៍រង្វាស់រង្វាល់ដែលជាប់បញ្ញាត្តិ។ ប្រព័ន្ធមាត្រាសាស្ត្រអន្តរជាតិទាំងនេះផ្តល់នូវការធានា និងទំនុកចិត្តដ៏សំខាន់ដែលថារង្វាស់រង្វាល់មានភាពត្រឹម ត្រូវដែលផ្តល់នូវមូលដ្ឋានដ៏រឹងមាំ សម្រាប់ពាណិជ្ជកម្ម ពិភពលោកនាពេលបច្ចុប្បន្ន និងជួយយើងសម្រាប់ការប្រកួតប្រជែង។

មាត្រាសាស្ត្រ សំដៅដល់វិទ្យាសាស្ត្រ និងការគ្រប់គ្រងទម្ងន់ និងរង្វាស់រង្វាល់។ ជាពិសេស នាពេលបច្ចុប្បន្ននេះ មាត្រាសាស្ត្រ ជាវិស័យមួយក្នុងចំណោមវិស័យសំខាន់ៗផ្សេងទៀតដែលពិភពលោកបានយកចិត្តទុកដាក់ ជាពិសេសមាត្រាសាស្ត្រ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវភាពរស់នៅរបស់យើងជាអាទិ៍ ជួយគាំទ្រសុខុមាលភាពរបស់សង្គមទំនើប ដោយគាំទ្រលើផ្នែកពាណិជ្ជកម្ម បទប្បញ្ញត្តិបច្ចេកទេស ការផលិត និងការការពារអតិថិជន ដែលវាពាក់ព័ន្ធស្ទើរគ្រប់ផ្នែកនៃការរស់ នៅប្រចាំថ្ងៃរបស់មនុស្សជាតិ។ មាត្រាសាស្ត្រក៏ជាឆ្អឹងខ្នងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីផ្តល់ការទុកចិត្តរបស់អតិថិជន និងជំនឿទុកចិត្តលើផលិតផលរបស់រោងចក្រ សហគ្រាសធុនតូច និងមធ្យម។ លើសពីនេះទៅទៀត ការប្រើរង្វាស់រង្វាល់ត្រឹមត្រូវបន្ថែមនូវតម្លៃដ៏ធំធេងចំពោះដំណើរការផលិតកម្ម ដោយកាត់បន្ថយថ្លៃដើម មានការជឿទុកចិត្តកាន់តែខ្លាំងឡើងក្នុងទីផ្សារ ទាក់ទងនឹងបរិមាណ ទម្ងន់ ចំណុះ តម្លៃ គុណភាព និងសុវត្ថិភាព នៃផលិតផល។

ការជម្រុញ វិស័យមាត្រាសាស្ត្រ គឺពិតជាគន្លឹះក្នុងការ ទាក់ទាញវិនិយោគិន ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា បន្ថែមលើសពីនេះវិស័យមាត្រាសាស្ត្រមានអត្ថប្រយោជន៍បន្ថែមទៀតដូចជា៖

១. ធានាឱ្យការធ្វើពាណិជ្ជកម្មមានភាពយុត្តិធម៍ និងត្រឹមត្រូវ
២. បង្កឱ្យការប្រើប្រាស់ឧបករណ៍មាត្រាសាស្ត្រមានភាពត្រឹមត្រូវសុចរិត
៣. ធានាផលប្រយោជន៍រវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ផលិតផលទំនិញ និងសេវាកម្ម
៤. ធានាធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពទំនិញ ផលិតផល សេវាកម្ម និងគ្រប់គ្រង
៥. លុបបំបាត់របាំងបច្ចេកទេសដើម្បីឱ្យមានសុខដុមនីយកម្មក្នុងសកម្មភាពពាណិជ្ជកម្ម និង វិស័យផ្សេងងៗទៀត ដើម្បីសុខភាព សុវត្ថិភាព និងបរិស្ថាន
៦. សម្រួលការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស ដើម្បីភាពរីកចំរើននៃសេដ្ឋកិច្ច។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលទទួលខុសត្រូវ និងបំពេញតួនាទីក្នុងការចង្អុលបង្ហាញដល់មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ លើការងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមាត្រាសាស្ត្រ។

ទិវាមាត្រាសាស្ត្រពិភពលោក ទទួលស្គាល់ និងអបអរសាទរចំពោះការចូលរួមចំណែករបស់ប្រជាជនទាំងអស់ ដែលធ្វើការពាក់ព័ន្ធជាមួយមាត្រាសាស្ត្រជាតិ និងអន្តររដ្ឋាភិបាល នៃវិទ្យាស្ថានមាត្រាសាស្ត្រជាតិនានា៕