(បន្ទាយមានជ័យ)៖ ឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ជាពិសេសដើម្បីសម្រួលការធ្វើដំណើររៀនសូត្ររបស់សិស្សានុសិស្ស លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារក្រុង សង្កាត់ យកគ្រឿងចក្រចុះឈូសឆាយជួសជុលធ្វើគ្រឹះឡើងវិញ ផ្លូវក្រាលថ្មមិច១ខ្សែ ប្រវែង៣០០ម៉ែត្រ ស្ថិតនៅចំណុចក្រោយសាលារៀនសុវណ្ណភូមិ ភ្ជាប់មកផ្លូវសហព័ន្ធ (ស្តង់តាងួន) ក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ផ្លូវនេះក្រាលកំទេចថ្ម ចំនួន១០ឡានធំ និងបន្ថែមថ្មមិច ចំនួន១៥ឡានធំ ជាអំណោយរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី តាមរយៈលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី។
សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ក្រុមការងារនឹងសិក្សាពិនិត្យលទ្ធភាពរៀបចំប្រព័ន្ធលូរំដោះទឹក និងចាក់បេតុងទទឹងទំហំ១០ម៉ែត្រ ដើម្បីតភ្ជាប់ពីផ្លូវសាលាសង្កាត់ប៉ោយប៉ែត មកផ្លូវស្តង់តាងួន ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងមានភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសសិស្សានុសិស្សតែម្តង៕