(កំពង់ធំ)៖ បញ្ជាក់បន្ថែមមកកាន់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ និងជាអ្នកនាំពាក្យសាលាខេត្ត បានអះអាងថា បុគ្គលឈ្មោះ គឹម សម្បត្តិ ហៅ ឈុន ចាន់ណាល់ ដែលជាមន្រ្តីយោធាដឺបេខេត្តកំពង់ធំ នៅតែបន្ដបំពានសេចក្ដីសម្រេចរបស់អាជ្ញាធរ និងសេចក្ដីសម្រេចរបស់ស្ថាប័នតុលាការ ដោយបន្ដចូលទៅរុះរើ និងរឹបអូសផ្ទះស្ដ្រីគ្រូបង្រៀនម្នាក់ រស់នៅភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក ដែលពាក់ព័ន្ធវិវាទលុយកាក់។

លោក សុក ហៃ បានគូសបញ្ជាក់ថា មុនចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅនេះ អាជ្ញាធរខេត្ត រួមជាមួយមន្ដ្រីពាក់ព័ន្ធបានទៅជួបប្រជុំនៅសាលាស្រុកតាំងគោក ដោយអញ្ជើញភាគីទាំងពីរចូលរួមទាំងបុគ្គល គឹម សម្បត្តិ និងស្ដ្រីគ្រូបង្រៀនឈ្មោះ ម៉ម ផល្លី ដោយសំណូមពរឲ្យភាគីទាំងអស់បញ្ឈប់សកម្មភាព ហើយរង់ចាំការសម្រេចរបស់ស្ថាប័នតុលាការ។

ប៉ុន្ដែបុគ្គល គឹម សម្បត្តិ ហៅ ឈុន ចាន់ណាល់ នៅតែបំពានដោយធ្វើការរុះរើផ្ទះ លក់ដី និងសង់សំណង់នៅលើដីរបស់គេថែមទៀត។ បន្ថែមពីនេះ ក៏បានយកស្លាកគណបក្សប្រជាជនកម្ពុជា ទៅធ្វើសកម្មភាពប៉ះពាល់ដល់ប្រជាពលរដ្ឋថែមទៀតផង ដែលទង្វើនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គោលនយោបាយរបស់គណបក្ស។ នេះបើតាមការបញ្ជាក់របស់លោក សុក ហៃ អ្នកនាំពាក្យសាលាខេត្តកំពង់ធំ។

ទន្ទឹមនឹងសកម្មភាពបែបគឃ្លើនជាមួយសេចក្ដីសម្រេចរបស់អាជ្ញាធរ និងដីការក្សការពាររបស់តុលាការនេះ លោក សុក ហៃ អំពាវនាវដល់ស្ថាប័នតុលាការចាត់វិធានការតាមផ្លូវច្បាប់ លើបុគ្គលឈ្មោះ គឹម សម្បត្តិ ហៅ ឈុន ចាន់ណាល់ ដែលជាទាហានដឺបេម្នាក់នេះ ខណៈកន្លងទៅបុគ្គលនេះធ្លាប់មានសំណុំរឿងជាច្រើននៅស្ថាប័នតុលាការរួចមកហើយ។

គួរជម្រាបថា លោក គឹម សម្បត្តិ ហៅ ឈុន ចាន់ណាល់ ដែលជាមន្រ្តីយោធាដឺបេខេត្តកំពង់ធំ បានរងការចោទប្រកាន់ថា រំលោភដីកាសម្រេចរក្សាការពាររបស់សាលាដំបូងខេត្តកំពង់ធំ ដោយចូលទៅរុះរើ និងរឹបអូសផ្ទះស្រ្តី គ្រូបង្រៀនម្នាក់ រស់នៅភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។

ជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ លោកស្រី ម៉ម ផល្លី ជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុនសែនស្រះបន្ទាយ បានរៀបរាប់ថា អ្នកគ្រូកើតទុក្ខមិនសុខចិត្តដោយឈ្មោះ ឈុន ចាន់ណាស់ និងឪពុកឈ្មោះ ឈុន ណាំ បានបំពានដោយការរុះរើផ្ទះរបស់អ្នកគ្រូ ដោយមិនមានដីកា និងមិនគោរពតាមសាលដីការបស់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដែលកាត់ក្ដីឲ្យអ្ន​កគ្រូឈ្នះ។ បើតាមគ្រូបង្រៀនរូបនេះ ដើមចមដែលនាំឲ្យមានរឿងរ៉ាវបែបនេះ ផ្តើមចេញពីការចងការប្រាក់ចំនួន ៥០០០ដុល្លារ។

ស្រ្តីគ្រូបង្រៀនរូបនេះ បាននិយាយថា «ពួកគេបានរើខ្ទេចខ្ទីអស់ទាំងលើ ទាំងក្រោម គាត់បំផ្លាញរបស់របរនៅក្នុងដី កាប់បំផ្លាញដើមឈើ ហើយចាក់ដីឈូសឆាយ អាជ្ញាធរភូមិឃុំចុះមកឃាត់ហើយ នៅមិនស្ដាប់ទៀត រហូតដល់គាត់សាងសង់ជាបង្គោលដែក ដូចដែលឃើញជាក់ស្ដែងនេះ សម្រាប់សាងសង់ជាអគារជួល ហើយលក់ផ្ទេរឈ្មោះទៅឱ្យអ្នកផ្សេងទៅទៀត។ ចំណែកអ្នកទទួលទិញបន្តមានឈ្មោះ ម៉ៅ មីនី មានប្រពន្ធឈ្មោះ ជឹង យៀកស៊ាន់ ជាបងប្អូនជីដូនមួយរបស់គាត់ ជាគ្នីគ្នាបក្ខពួក ធ្វើការស៊ុមគ្រលុំគ្នាទិញលក់ ដោយឃុំមិនបានដឹងឮទេ ហើយមេភូមិជាអ្នកទទួលស៊ីញ៉េលើឯកសារទាំងអស់ ខាងសុរិយោដីក៏មិនបានដឹងដែរ។ ការសាងសង់នេះ អធិការស្រុកបានចុះមកឃាត់ជាបណ្ដោះអាសន្ន មិនឱ្យមានការសាងសង់អ្វីទៀតទេ តែពួកគេទើបតែបញ្ឈប់សកម្មភាពក្នុងអំឡុងពេល២-៣ ថ្ងៃនេះប៉ុណ្ណោះ។ គាត់បន្តសកម្មភាពរហូតទៅលើផ្ទះរបស់ខ្ញុំ ស្របពេលដែលខ្ញុំមិននៅ ស្របពេលដែលអាជ្ញាធរភូមិឃុំមិននៅ ដូចជាក់ស្ដែងនៅថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ គាត់បានមករុះរើផ្ទះខ្ញុំ ដោយគ្មានអ្នកណានៅទេ អាជ្ញាធរភូមិឃុំ សូម្បីតែប៉ូលិសម្នាក់ក៏មិននៅដែរ គេបានទៅខេត្តអស់ហើយ អីចឹងគាត់បានឆ្លៀត ពេលហ្នឹង ធ្វើការរុះរើទាំងបំពាន ហើយលក់ទៅឱ្យឈ្មោះ តង នៅភូមិមួយទៀត ហើយមានគោយន្តដឹកបន្តរហូតរុះបាន ៤-៥ សន្លឹក ធ្វើការដឹកម្ដង ដោយមានគោយនុ្តត្រៀមចាំស្រេច កម្លាំងដូចស្រមោចអីចឹង។ នាងខ្ញុំគ្រាន់តែសំណូមពរអាជ្ញាធរដែលពាក់ព័ន្ធ ហើយនិងសមត្ថកិច្ច ឬថ្នាក់ដឹកនាំ សូមមេត្តាជួយរកយុត្តិធម៌ឱ្យនាងខ្ញុំផង ព្រោះនាងពិតជារងភាពអយុត្តិធម៌ពិតមែន»។

ជាមួយគ្នានេះ លោក មាស វុទ្ធី មេភូមិតាំងគោក បានឲ្យដឹងថា ដំណើរដើមទងដីហ្នឹងពីដើមមកឈ្មោះ ម៉ម ផល្លី បានចងការប្រាក់ពីឈ្មោះ ឈុន ណាំ ឱ្យប្ដីទៅកូរ៉េ ដោយលោកមិនបានដឹងរឿងផ្ទៃក្នុងពីការបង់ប្រាក់ការទេ លុះក្រោយមកក៏ធ្វើការលក់ផ្ទះនោះឱ្យឈ្មោះ ឈុន ណាំ ក្នុងតម្លៃ ១,៤ពាន់ដុល្លារ។ លុះក្រោយមកក៏លក់ឱ្យវិញ ហើយចងការតម្លៃ ២០០ដុល្លារ តែអ្នកគ្រូមានផលវិបាក ប្ដីផ្ញើឬអត់ ក៏លោកមិនបានដឹងពីបញ្ហាត្រង់នេះទេ ទើប ឈុន ណាំ ចេះតែមកប្ដឹងលោកថា អ្នកគ្រូអត់បង់លុយឱ្យគាត់ទេឱ្យខ្ញុំជួយសួរនាំថា ហេតុអ្វីបានបង់លុយគាត់ខកច្រើនខែហើយ អត់ទៅបង់ ដល់ញយពេក លោកបានឱ្យទៅដល់ឃុំ ហើយក្រោយមកក៏មានការប្ដឹងផ្ដល់ទៅ តុលាការ។ អីចឹងរឿងហ្នឹង អត់មានអីក្រៅពីការចងការប្រាក់ទេ លោកដឹងតែប៉ុណ្ណឹងទេ។

ភាគីទាំងពីរបាននិយាយជាមួយភូមិ ព្រមទាំងធ្វើលិខិតព្រមព្រៀងគ្នា មានស្នាមមេដៃ ហើយយកទៅចុះហត្ថលេខានៅឃុំដាក់ថាលិខិតលក់ទិញ។ បន្ទាប់ពីធ្វើការលក់ទិញរួច ម្ចាស់ដើមបានធ្វើការការជួលដើម្បីអាស្រ័យនៅពី ឈុន ណាំ ដោយមានធ្វើជាលិខិតច្បាស់លាស់ ដោយតម្លៃជួលក្នុងមួយខែចំនួន២០០ដុល្លារ ស្មើនឹងថ្លៃការប្រាក់ដែលបានខ្ចី ប៉ុន្តែជួលយូរៗទៅប្រហែលគ្មានលុយឱ្យថ្លៃជួលទើបកើតមានបញ្ហាប្ដឹងផ្ដល់គ្នា។

បើតាមលោកមេភូមិ, ម្ចាស់លុយប្ដឹងទាមទារឱ្យចុះចេញព្រោះខានបង់លុយឱ្យគេ ប៉ុន្តែភាគីខាងម្ចាស់ផ្ទះក៏អត់ទៅណាដែរនៅតែអាស្រ័យនៅលើផ្ទះហ្នឹងរហូត។ ពីរនាក់ហ្នឹងមានការប្ដឹងផ្ដល់ច្រើន ប្ដឹងដល់តុលាការ ហើយតុលាការ ខេត្តកំពង់ធំ បានកាត់ឱ្យ ឈុន ណាំ ឈ្នះ បន្ទាប់មកឈ្មោះ ម៉ម ផល្លី ក៏ប្ដឹងទៅសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ រហូតសាលាឧទ្ធរណ៍ក៏បានសម្រេចលើកលែងការចោទប្រកាន់ដល់អ្នកគ្រូ ម៉ម ផល្លីផងដែរ។

ដោយឡែកលោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ និងជាអ្នកនាំពាក្យសាលាខេត្ត បានឲ្យដឹងថា វិវាទនៃការខ្ចីលុយចំនួន ៥០០០ដុល្លារនេះ ដើម្បីធានាបំណុល, ម្ចាស់បំណុលបានឱ្យកូនបំណុលផ្ទេរកម្មសិទ្ធិមកឱ្យខ្លួន ប៉ុន្តែកូនបំណុលនៅតែរស់នៅលើដីនោះដដែល។

លោក សុខ ហៃ បានបញ្ជាក់ថា «ក្រោយពីផ្ទេរកម្មសិទ្ធិរួចហើយ និងដើម្បីធានានូវការប្រាក់, គេធ្វើលិខិតមួយទៀត គឺកិច្ចសន្យាជួលផ្ទះក្នុងតម្លៃ ២០០ដុល្លារក្នុងមួយខែ ប៉ុន្តែយើងគិតមើលថា ឈ្នួលផ្ទះនៅឆ្នាំ ដែលផ្ទេរកម្មសិទ្ធិ ២០០៩នោះ ទីផ្សារជួលនៅទីនោះមិនមែនជាការជួលក្នុងមួយខែចំនួន ២០០ដុល្លារទេ តម្លៃនៅទីនោះទាបទេ ប៉ុន្តែដើម្បីជាទំនុកចិត្តខ្លាចកូនបំណុលមិនមានលទ្ធភាពសងទៅឱ្យម្ចាស់បំណុល ទើបច្នៃជាការផ្ទេរសិទ្ធិឱ្យ និងជាការបង់ប្រាក់ឈ្នួលផ្ទះវិញ ដែលតម្លៃនៃការជួលនេះជាតម្លៃនៃចងការប្រាក់»

លោកបន្តថា ទាំងម្ចាស់លុយ ដែលជាដើមបំណុល ទាំងកូនបំណុល សុទ្ធតែបានមិនមានឯកសារនៃការប្រគល់លុយទិញនៃលក់ទេ។ ជារួមវិវាទនេះវាជារឿងរដ្ឋប្បវេណី ប៉ុន្តែម្ចាស់បំណុលបែរជាប្ដឹងកូនបំណុលទៅជារឿងព្រហ្មទណ្ឌ ដែលតុលាការខេត្ត បានកាត់ឱ្យមានទោសតែពេលប្ដឹងទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ, សាលាឧទ្ធរណ៍បានចេញជាសាលដីកាលើកលែងទោសដល់កូនបំណុលហើយ ហើយសព្វថ្ងៃសំណុំរឿងនេះ ស្ថិតនៅតុលាការកំពូល ដែលភាគីម្ចាស់លុយ បានប្ដឹងសាទុក្ខទៅតុលាការកំពូល អីចឹងរឿងនេះជារឿងរដ្ឋប្បវេណីទេ អីចឹងសំណុំរឿងកំពុងតែក្ដីគ្នានៅតុលាការ ដោយមិនទាន់មានការដោះស្រាយទេ ប៉ុន្តែដើម្បីធានាក្នុងសំណុំរឿងក្ដី ម្ចាស់បំណុលបានប្ដឹងតុលាការចេញដីការក្សាការពារមួយ ឱ្យកូនបំណុលចុះចេញ និងរុះរើអីវ៉ាន់ចេញពីផ្ទះ។

លោកថា «តុលាការបានចេញដីការក្សារការពារ ហើយព្រះរាជអាជ្ញា បានចុះទៅអនុវត្តដោយឱ្យកូនបំណុលចុះចេញ និងរុះរើអីវ៉ាន់ចេញពីផ្ទះ និងប្រគល់ផ្ទះនេះឱ្យទៅដើមបំណុល គ្រប់គ្រងថែរក្សាបណ្ដោះអាសន្ន រង់ចាំតុលាការសម្រេចផ្តល់អង្គសេចក្ដី ប៉ុន្តែអ្វីដែលជាការអនុវត្តខុសឆ្គងរបស់ម្ចាស់បំណុលដែលអាងកូន គឺជាដឺបេជើងគោកឈ្មោះ គឹម សម្បត្តិ ហៅ ឈុន ចាន់ណាល់ គឺកំហុសឆ្គងទី១ ខ្លួនឯងធ្វើឱ្យប៉ះពាល់នយោបាយ ដោយពាក់អាវគណបក្សទៅរុះរើផ្ទះ ដែលនេះមិនមែនជាជំហររបស់គណបក្សប្រជាជនទេ វាជារឿងបុគ្គលដែលធ្វើឱ្យខូចកិត្តិយសរបស់គណបក្ស»

 ស្រ្តីឈ្មោះ ម៉ម ផល្លី ជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុនសែនស្រះបន្ទាយ

លោក ព្រាប ថៃ មេឃុំសូយោង

លោក មាស វុទ្ធី មេភូមិតាំងគោក

ទាហានដឺបេឈ្មោះ ឈុន ចាន់ណាស់ 

ឪពុករបស់ទាហានដឺបេឈ្មោះ ឈុន ណាំ

លោក សុក ហៃ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ធំ

ដីកាតុលាការរបស់សាលាខេត្តកំពង់ធំ

សាលាដីការបស់សាលាខេត្តត្បូងឃ្មុំ