(ប៉ៃលិន)៖ ចាស់ទុំជាសាក្សីរស់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សក្នុងខេត្តប៉ៃលិន បានរៀបចំទិវាជាតិ នៃការចងចាំ ២០ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូប មិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ពិធីនេះប្រារព្ធឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅវត្តរតនៈសោភ័ណ្ឌ ហៅវត្តកោងកាង ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អ៉ី ឈាន បានលើកឡើងថា ថ្ងៃ២០ ឧសភា ទិវារំលឹកវិញ្ញាណក្ខន្ធ គឺជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូបបានចងចាំ និងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសម្លាប់ប្រជាជនខ្មែរស្លូតត្រង់។ ប្រជាជនកម្ពុជាប្រារព្ធទិវាជាតិនៃការចងចាំនេះឡើង គឺដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុជីវិតយ៉ាងអយុត្តិធម៌ និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សាពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបអាវខ្មៅប្រល័យពូជសាសន៍ដ៏យង់ឃ្នងនេះ។

នាយឧត្តមសេនីយ៍ ក៏បានរំលឹកអតីតកាលជូនដល់អង្គពិធីថា របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានជម្លៀសប្រជាជនចេញពីទីក្រុង លុបបំបាត់សាសនា បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង បង្កជាសោកនាដកម្មដ៏ជូរចត់ បានសម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់រាប់លាននាក់ ជាពេលវេលាដ៏ខ្មៅងងឹតដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក បង្ខំឲ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំងយ៉ាងទារុណ ធ្វើការដូចសត្វធាតុ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិតទេ និងតាមរយៈការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យមានសុខសន្តិភាពពាសពេញប្រទេស ដែលជាមូលដ្ឋានគ្រឹះនៃការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ រីកចម្រើនគ្រប់វិស័យដូចសព្វថ្ងៃ។ សន្តិភាព បានផ្តល់ឱកាសគ្រប់យ៉ាងសម្រាប់យើង កសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ។

នាយឧត្តមសេនីយ៍ អ៉ី ឈាន បានស្នើដល់ប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះ ឲ្យបានគង់វង្សជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឲ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍វិលមកសារជាថ្មី ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វិបុលភាព និងភាពសម្បូរសប្បាយរុងរឿងជាងនេះថែមទៀត៕