(ភ្នំពេញ)៖ យុវជនស្ម័គ្រចិត្តម្នាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឈ្មោះ ផុន រ៉ាស៊ី បានបង្ហាញក្តីរំភើបចិត្ត ចំពោះការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រុមយុវជនជនស្ម័គ្រទាំងអស់ បន្ទាប់ពីកញ្ញាបានជួបហេតុការណ៍បាត់ម៉ូតូមួយគ្រឿង ក្នុងពេលដែលកំពុងបំពេញភារកិច្ចនៅទីតាំង នៃទីលានAZ Group Cricket Oval សម្រាប់ការប្រកួតកីឡាគ្រីឃីត ផ្លូវ៦០ម៉ែត្រ។

ភ្លាមៗ បន្ទាប់ពីជួបហេតុការណ៍នោះ នាងបានដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្ដិ៍នគរបាលចាក់អង្រែក្រោម ហើយបានរៀបរាប់ទៀតថា កងកម្លាំងមានសមត្ថកិច្ចពិតជាធ្វើការសស្រាក់សស្រាំឲស្រាវជ្រាវភ្លាមៗ ជាមួយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារយុវជនស្ម័គ្រចិត្ត។

តាមរយៈវីដេអូ កញ្ញា ផុន រ៉ាស៊ី បានថ្លែងអំណរគុណដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលនាងបានហៅថា «សម្តេចពុក» ទាំងក្តីរំភើប និងសប្បាយរីករាយ ដែលសម្តេចបានយកចិត្តចំពោះនាងដែលជាយុវជនស្ម័គ្រចិត្តឧបត្ថម្ភជាថវិកាទិញម៉ូតូ ជំនួសម៉ូតូដែលបានបាត់ ក៏ដូចជាថ្នាក់ដឹកនាំ នៃក្រុមការងារយុវជនស្ម័គ្រចិត្តផ្សេងៗទៀត ដែលបានផ្តល់ភាពកក់ក្តៅ និងចាត់វិធានការនានារហូតមក ដោយមិនទុកចោលឲ្យនៅឯកោនោះទេ។

កញ្ញា ផុន រ៉ាស៊ី គឺជាគ្រូបង្រៀនកម្រិតបឋមសិក្សា នៅសាលាបឋមសិក្សាគោកខ្ចក ភូមិគោកខ្ចក ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ នាងបានបានដាក់ពាក្យចូលរួមជាយុវជនស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នេះ ហើយធ្វើដំណើរមកពីខេត្តព្រៃវែង មកស្នាក់អាស្រ័យជាមួយបងប្អូនសម្រាប់តែចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះតែប៉ុណ្ណោះ។ នាងបានបញ្ជាក់ថា នាងនឹងត្រឡប់ទៅបំពេញការងារជាគ្រូបង្រៀនវិញបន្ទាប់ពីបេសកកម្មនេះបានបញ្ចប់។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាចំនួន ៣,០០០ដុល្លារអាមេរិក ជួយដល់យុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៉ីហ្គេម កញ្ញា ផុន រ៉ាស៉ី ដែលបានបាត់ម៉ូតូ ដើម្បីឲ្យរូបគេអាចទិញម៉ូតូសម្រាប់ប្រើប្រាស់វិញ។

តាមរយៈបណ្តាញ Telegram ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ល្ងាចនេះ [ថ្ងៃទី១៩ ឧសភា] តាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រី ផុន រ៉ាស៉ី ដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើ ដល់ការប្រកួតស៉ីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ 3,000$ សម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ។ សូមចៅទាក់ទងជាមួយលោក សេង ទៀង តាមទូរសព្វ័លេខ 012 961971 ដើម្បីទទួលយកថវិកា»៕