(ភ្នំពេញ)៖ អាជីវករលក់ដូរតាមផ្សាររដ្ឋជាច្រើន ដែលមានកម្រិតជីវភាពនៅខ្វះខាត បានបង្ហាញអារម្មណ៍សប្បាយចិត្តរីករាយ ក្រោយមានការគិតគូរពីសំណាក់រាជរដ្ឋាភិបាល តាមរយៈក្រុមការងារសាលារាជធានីភ្នំពេញ និងបន្តទៅកាន់គណៈកម្មការផ្សាររដ្ឋនីមួយៗ នៅរាជធានីភ្នំពេញ ដែលបានផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនទៅពួកគាត់ទាំងអស់គ្នា សម្រាប់ការប្រើប្រាស់លើការទៅពិនិត្យព្យាបាលជំងឺ និងថែទាំសុខភាព នៅតាមមន្ទីរពេទ្យបង្អែក ឬមន្ទីរពេទ្យរដ្ឋទាំងអស់ ដោយពុំគិតប្រាក់។

ក្រុមអាជីវករលក់ដូរក្នុងផ្សារចំនួន០២ ក្នុងចំណោមផ្សារទាំង២៥ ក្នុងរាជធានីភ្នំពេញ គឺផ្សារអូរឬស្សី និងផ្សារដើមគរ បានបង្ហាញអារម្មណ៍ទឹកចិត្តយល់ឃើញថា ការដែលរាជរដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់ ក្នុងការផ្តល់ជូនពួកគាត់ទាំងអស់គ្នានូវប័ណ្ឌមូលនិធិសមធម៌សុខាភិបាលនៅពេលនេះ គឺបានចូលរួមសម្រួលដល់ការកាត់បន្ថយការចំណាយប្រាក់កាសរបស់ពលរដ្ឋទាំងអស់គ្នា ក្នុងការពិនិត្យ ថែទាំ និងព្យាបាលជំងឺជាដើម។

អាជីវករ បន្តថា ពួកគាត់ពិតជាមានក្តីរំភើបរីករាយសប្បាយចិត្តជាខ្លាំង ចំពោះការដែលពួកគាត់អាចមានឱកាសទទួលបានប័ណ្ឌនេះ យកមកប្រើប្រាស់លើវិស័យសុខាភិបាល ព្រោះពួកគាត់ជាអ្នកលក់ដូរតាមកញ្ច្រែងល្អី ដែលមានកម្រិតជីវភាពនៅខ្វះមុខក្រោយប៉ុណ្ណោះ មិនមានប្រាក់កាសច្រើនគ្រប់គ្រាន់ សម្រាប់ពិនិត្យព្យាបាលជំងឺឈឺស្កាត់ម្តងៗនោះទេ អញ្ចឹងហើយនៅពេលពួកគាត់ទទួលបានប័ណ្ឌនេះ គឺវាពិជាការប្រសើរបំផុតសម្រាប់ពួកគាត់គ្រប់ៗគ្នា។

លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មាការផ្សារអូរឫស្សី បានលើកឡើងថា ការផ្តល់ជូននៅពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយបន្តកិច្ចការងារនេះមកកាន់គណៈកម្មការផ្សារដើម្បីអនុវត្តសកម្មភាពផ្តល់ជូន ពលរដ្ឋជាអាជីករលក់ដូរមានជីវភាពខ្វះខាត។

លោកប្រធានផ្សារបន្តថា ប័ណ្ឌនេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់សម្រាប់ពលរដ្ឋ អាចប្រើប្រាស់វាដើម្បីទទួលបានការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ នៅពេលដែលជួបគ្រោះថ្នាក់ ឬឧប្បត្តិហេតុណាមួយដោយចៃដន្យ ឬក៏មានជំងឺឈឺស្កាត់ផ្សេងៗជាដើមនោះ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមការងារសាលារាជធានីភ្នំពេញ សហការជាមួយក្រុមការងារគណៈកម្មការផ្សាររដ្ឋ ចំនួន០៤ ក្នុងចំណោមផ្សារទាំង២៥ ដើម្បី ផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនក្រុមអាជីវករលក់ដូរមានជីវភាពខ្វះខាត។ ក្នុងនោះរួមមាន ផ្សារអូរឫស្សី, ផ្សារដើមគរ, ផ្សារទួលទំពូង និងផ្សារច្បារអំពៅ ដែលសរុបជារួមទាំង៤ផ្សារ គឺផ្តល់ប័ណ្ឌសមធម៌ ជាង១ពាន់ប័ណ្ណជូនដល់អាជីវករ។

ដំណើរការ នៃការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនក្រុមអាជីវករលក់ដូរមានជីវភាពខ្វះខាតខាងលើនេះ គឺនឹងធ្វើឡើងជាប្រចាំ រហូតផ្តល់ជូនដល់គ្រប់ផ្សាររដ្ឋទាំង២៥ នៅទូទាំងរាជធានីភ្នំពេញ៕