(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធី ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ឧសភា និងកិច្ចប្រជុំឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែក។

មានប្រសាសន៍ក្នុងឱកាសនោះ លោក វង សូត បានលើកឡើងថា ថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃដែលរបបវាលពិឃាត បានដាក់ចេញនូវផែនការបោសសំអាតផ្ទៃក្នុងកាប់សម្លាប់ប្រជាជនស្លូតត្រង់ អស់ជាង ៣ លាននាក់ ។

លោកបន្តថា សកម្មភាពដ៏ព្រៃផ្សៃនេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំមិនអាច បំភ្លេចបាន នូវនយោបាយដ៏ព្រៃផ្សៃនេះ ដោយបានបង្ខំប្រជាជនឳ្យធ្វើការហួសកម្លាំង គ្មានថ្ងៃសម្រាក គ្មានអាហារគ្រប់គ្រាន់ គ្មានថ្នាំសម្រាប់ព្យាបាលជំងឺ និងបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ហើយអ្វីដែលកាន់តែខ្លោចផ្សារគឺការកាប់សម្លាប់ដោយមិនកាត់ក្តីឳ្យតែសង្ស័យថាជាខ្មាំង ។

នៅក្នុងឱកាសនោះ លោក វង សូត និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ក៏បាននាំយកថវិកាមួយចំនួនទៅប្រគល់ជូនសមាជិក សមាជិកាទាំងអស់ក្នុងស្រុកពញាក្រែកដើម្បីត្រៀមរៀបចំការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧ ឆ្នាំ២០២៣ ផងដែរ។

ជាមួយនិងការផ្តល់ជូននេះលោក ក៏បានរំលឹកផងដែរថា សូមបងប្អូនទាំងអស់ត្រូវទៅចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ព្រោះថាមានគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខមួយគត់ដែល នៅជាមួយរួមសុខ រួមទុក្ខ ជាមួយបងប្អូន ហើយដឹកនាំប្រទេសអភិវឌ្ឍន៍លើគ្រប់វស័យ ក្រោមដំបូលសន្តិភាពពេញលេញ ប្រជាពលរដ្ឋរស់នៅមានក្តីសុខ ជីវភាពប្រសើរឡើងជាលំដាប់ ។

បន្ថែមពីលើនេះ រដ្ឋមន្រ្តី វង សូត ក៏បានស្នើឲ្យមន្រ្តីគណបក្ស និងអាជ្ញាធរ ពង្រឹងការងារ បម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។

រដ្ឋមន្រ្តី វង សូត ក៏បានផ្ញើសារក្រើនរំលឹកដល់មន្រ្តីគណបក្ស និងអាជ្ញាធរគ្រប់ជាន់ថ្នាក់បំពេញតួនាទីតាមច្បាប់ទម្លាប់ ជាពិសេសយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានរៀងៗខ្លួន សំដៅធ្វើយ៉ាងណាដើម្បីអោយដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅប្រកបដោយភាពរលូន៕