(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងថា ថ្ងៃទី២០ ខែឧសភា ជាថ្ងៃកាន់មរណទុក្ខ ដែលប្រជាពលរដ្ឋបានចារឹកទុកក្នុងបេះដូងមិនអាចបំភ្លចបាន នូវរបបយង់ឃ្នងព្រៃផ្សៃដឹកនាំដោយ ប៉ុល ពតអស់រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
ការថ្លែងរបស់លោកទេសរដ្ឋមន្ត្រី មាស សុភា ក្នុងឱកាសចូលរួមមីទ្ទិញ «ទិវាជាតិ នៃការចងចាំ» ដើម្បីរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ នៅក្នុងបរិវេណមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជ សាសន៍តំបន់១០៣ ស្ថិតក្នុងភូមិសាស្ដ្រឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។
ពិធីនេះក៏មានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលស្រុក កងកម្លាំងទាំងបី លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
មានមតិស្វាគមន៍នាឱកាសនោះ លោក គីម រិទ្ធី បានថ្លែងគូសបញ្ចាក់ថា ប្រទេសកម្ពុជា ជាច្រើនសម័យកាលមកហើយជួបតែការបែកបាក់សាមគ្គីភាព ឯកភាពជាតិ និងផ្ទុះឡើងនូវភ្លើងសង្គ្រាមពេញផ្ទៃប្រទេស រហូតដល់ការចូលមកដល់របបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឲ្យមាតុភូមិ និងប្រជាជាតិកម្ពុជាទូទាំងប្រទេសរងគ្រោះយ៉ាងអណោចអធម អស់រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ព្រមទាំងការកាប់ សម្លាប់ជាតិសាសន៍ឯងជាង៣លាននាក់។
លោកទេសរដ្ឋមន្ដ្រី មាស សុភា បានថ្លែងថា ថ្ងៃ២០ឧសភា បានក្លាយជាថ្ងៃកាន់មរណទុក្ខដែលប្រជាជនកម្ពុជា បានចារឹកជាប់ក្នុងបេះដូង មិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នង របស់ពួកប្រល័យពូជសាសន៍ ដែលបានប្រព្រិត្តមកលើប្រជាជនកម្ពុជា ដោយមិនអាចរៀបរាប់អស់។ លោកបញ្ជាក់បន្ថែមថា ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនទៅមុខទៀត។
លោកទេសរដ្ឋមន្ត្រី បានបន្ដទៀតថា ទិវាជាតិនៃការចងចាំ ២០ឧសភា ដែលប្រារព្វធ្វើនាពេលនេះ គឺចង់រលឹកពីប្រវត្តិសាស្ត្រដ៍សែនឈឺចាប់អស់រយៈពេលជាង៤០ឆ្នាំកន្លងមក ដើម្បីដាស់ស្មារតីប្រជាពលរដ្ឋឲ្យមានការចងចាំ និងចូលរួមការពារកុំឲ្ហរបបឃោរឃៅនេះកើតមានជាលើកទី២នៅប្រទេសរបស់យើង។
ទិវានេះក៏ចង់ប្រាប់យុវជនយើងថា កាលពីជាង៤០ឆ្នាំមុន គឺរបបឃោរឃៅនេះមានពិតប្រាកដមែន មិនមែនជារឿងនិទាននោះទេ អាចសួរនាំឪពុកម្តាយ ជីដូន ជីតា ចាស់ៗ ឫក៏ស្រាវជ្រាវតាមឯកសារផ្សេងៗបាន បើគ្មានសម្តេចតេជោ ហ៊ុន សែន បើគ្មានគណបក្សប្រជាជនកម្ពុជា យើងគ្មានឱកាសបានជួបជុំប្រារព្ធពិធីជួបជុំគ្នាដូចពេលនេះទេ៕