(ភ្នំពេញ)៖ លោក ឃុំ កាន ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តមណ្ឌលគិរី និងបេក្ខជនតំណាងរាស្ដ្រ លេខរៀងទី១ បានសុំទោសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រាល់កំហុសខុសឆ្គងដែលខ្លួនបានប្រព្រឹត្តកន្លងមក ដោយសារជឿលង់តាមការញុះញង់របស់គណបក្សប្រឆាំង។

តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ លោក ឃុំ កាន ក៏បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

លោកអះអាងថា កន្លងទៅលោកពិតជាដើរផ្លូវខុស ដោយជឿតាមការញុះញង់របស់គណបក្សប្រឆាំងប្រាកដមែន ដោយតាំងពីមានឡានជិះ រហូតមកដល់ពេលនេះគ្មានអ្វីទាល់តែសោះ ហើយលោកក៏ធ្លាប់មានក្របខ័ណ្ឌជាមន្ដ្រីយោធា ប៉ុន្ដែដោយជឿការញុះញង់សុខចិត្តបោះបង់ចោលក្របខ័ណ្ឌថែមទៀតផង។

លោក ឃុំ កាន បានសន្យាទៀតថា ចាប់ពីពេលនេះទៅលោកនឹងបម្រើគណបក្សប្រជាជនកម្ពុជា ជារៀងរហូតតទៅ ខណៈលោកមើលឃើញថា គ្មានគណបក្សណាល្អជាគណបក្សប្រជាជនកម្ពុជានោះទេ ព្រោះបើគណបក្សប្រឆាំងវិញធ្វើអ្វីមិនច្បាស់លាស់ឡើយ។

ខាងក្រោមនេះ ជាវីដេអូទាំងស្រុងរបស់លោក ឃុំ កាន៖