(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ទៅមហាជនដែលមកជួបជុំក្នុងពិធី «ទិវាជាតិនៃការចងចាំ» ២០ឧសភាថា ថ្ងៃទី២០ ខែឧសភា ជាទិវាជាតិនៃការចងចាំ នូវទង្វើដ៏យង់ឃ្នងនៃរបបកម្ពុជា ប្រជាធិបតេយ្យ ដែលជារបបប្រល័យពូជសាសន៍ យ៉ាងឃោរឃៅបំផុត ដែលកន្លងទៅត្រូវបានគេហៅថា «ទិវាចងកំហឹង» ដើម្បីជាការចង់កំហឹងទៅនឹងរបបខ្មែរក្រហម ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ។

ការបញ្ជាក់របស់លោក ជា ចាន់តូ សមាជិកគណៈអចិន្រ្តៃយ៍ គណៈ​កម្មាធិការកណ្តាល​ គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធាន​ក្រុមកា​រងារចុះមូលដ្ឋានខេត្ត​កំពង់ធំ ក្នុងវិធី២០ឧសភា «ទិវាជាតិនៃការចងចាំ» ប្រារព្ធធ្វើនៅវត្តក្ដីដូងស្ថិត ក្នុងឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។   

លោក ជា ចាន់តូ បានបញ្ជាក់ឲ្យដឹងថា ថ្ងៃនេះជួបជុំគ្នា ដើម្បីបង្សុកូលរាប់បាត្រប្រគេនព្រះសង្ឃ ឧទ្ទិ​សកុ​​សល ជូនដល់បងប្អូនជនរួមជាតិ បានរងគ្រោះបាត់បង់ជីវិត ដោយអំពើប្រល័យពូជសាសន៍ និងរំលឹកឡើងវិញ នូវទុក្ខលំបាកវេទនារបស់មាតុភូមិជាទីស្នេហា​ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្នុងនោះឧទ្ទិសមនុញ្ញផល កើតចេញនៅថ្ងៃនេះ ជូនដល់វិញ្ញាណក្ខន្ធយុទ្ធជន​ យុទ្ធនារី និងបងប្អូនជនរួមជាតិ ដែលបានបូជាជីវិត និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក៏ដូចជាបងប្អូនជនរួមជាតិ បានរងគ្រោះបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍នោះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតផងដែរ។

លោក ជា ចាន់តូ ក៏បានអំពាវនាវឲ្យប្រជាជនឲ្យទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា ទោះជាយ៉ាងនេះក៏មានតែគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន មួយគត់ធានានូវ​សុខសន្តិ​ភាព សេរី​ភាព លទ្ធិ​ប្រជា​ធិប​​តេយ្យ ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសង្គម នឹងធ្វើឲ្យប្រជាជនរស់បានសុខដុមរមនា ហើយក៏គ្មានមានអ្វីមានតម្លៃលើសសន្តិភាពទេ ព្រោះសន្តិភាពជាមូល​ដ្ឋាន​​​គ្រឹះ​​ដ៏​រឹងមាំបំផុត មិនអាចខ្វះបានក្នុងការកសាង និង​អភិវ​ឌ្ឍ ប្រទេសលើគ្រប់វិស័យ៕