(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមជាមួយក្រុមការងារ គណកម្មការមេប្រយោគ បានអញ្ជើញកាត់កញ្ចប់វិញ្ញាសារ ប្រឡងក្របខណ្ឌមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ សម្រាប់ខេត្តកំពង់ស្ពឺ។ បេក្ខជនដែលបានដាក់ពាក្យប្រឡង មានចំនួន៣៦៩នាក់ ក្នុងនោះស្រីចំនួន១៩៧នាក់។

លោក វ៉ី សំណាង បានថ្លែងក្នុងពេលកាត់កញ្ចប់វិញ្ញាសារនោះថា បេក្ខជនទាំងអស់ ្រតូវយកចំណេះជំនាញពិតដែលបានរៀនសូត្រកន្លងមកប្រឡងនាពេលនេះ ឲ្យអស់ពីសមត្ថភាព (អ្នកចេះ គឺជាប់)។ ក្រោយប្រឡងទទួលបានជោគជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ភូមិ ឃុំ ស្រុក ខេត្ត ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតឲ្យល្អប្រសើរ។

លោកអភិបាលខេត្តកំពង់ស្ពឺ បានសង្កត់ធ្ងន់ថា បេក្ខជនដែលបានចូលបម្រើក្នុងរាជការសាធារណៈ ត្រូវបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយភាពស្មោះត្រង់បំផុត និងមិនត្រូវមានបក្សពួកនិយមនៅក្នុងអង្គភាពរបស់រដ្ឋឡើយ៕