(ក្រចេះ)៖ អ្នកនេសាទម្នាក់បើកទូក បំបុកទូកឆ្មាំទន្លេលិចបាត់ចូលក្នុងទន្លេមេគង្គ ក្នុងពេលចុះល្បាត និងបានណែនាំគាត់មិនឲ្យដាក់សន្ទួចរនង ក្នុងតំបន់អភិរក្សផ្សោត។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅចំនុចឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

រដ្ឋបាលជលផលក្រចេះ បានឲ្យដឹងថា នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារបានរៀបចំផែនការឲ្យក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោត (ក្រុមធំទី១) ចំនួន៣ប៉ុស្តិ៍ គឺប៉ុស្តិ៍កាំពី ប៉ុស្តិ៍ថ្មគ្រែ និងប៉ុស្តិ៍ពាក់វែក សហការជាមួយសហគមន៍នេសាទកាំពី ឃុំសំបុក ស្រុកចិត្របុរី ប្រើប្រាស់ទូកម៉ាសុីន ចំនួន០៤គ្រឿង និងអូប័រ០១គ្រឿង ដឹកនាំដោយលោក នុត ឫទ្ធី ប្រធានក្រុមឆ្មាំទន្លេតំបន់កាំពី ចុះយាមប្រចាំការនៅអន្លង់ផ្សោត និងចុះល្បាត ត្រួតពិនិត្យ បង្រ្កាបបទល្មើសនេសាទក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោត និងជីវចម្រុះជលផល នៅតាមដងទន្លេមេគង្គ នៅតំបន់កាំពី ដោយអនុវត្តតាមយន្តការ ការពារ បង្ក្រាប ២៤ម៉ោង/២៤ម៉ោង តាមអនុសាសន៍ណែនាំរបស់ប្រធានគណៈកម្មការ។

ក្រុមឆ្មាំទន្លេ (ក្រុមធំទី១) ចំនួន០៣ប៉ុស្តិ៍ បានចុះល្បាតនៅក្នុងតំបន់ស្នូលកាំពី ដោយបានប្រើយុថ្កាបោះកាវរកមង និងសន្ទួចរនងនៅតាមអន្លង់ ដោយដកហូតបានសន្ទូចរនង១ខ្សែ ប្រវែង១០០ម៉ែត្រ ផ្លែលេខ១២ ចំនួន៥០ផ្លែ នៅចំណុចភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី។ បន្ទាប់មកក្រុមការងារបានឡើងមកវិញ បានជួបនឹងជនសង្ស័យម្នាក់ឈ្មោះ យុត យីន រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ដែលកំពុងប្រព្រឹត្តបទល្មើសនេសាទដោយដាក់សន្ទូចរនង នៅចំណុចទល់មុខភ្នំសំបុក។

ពេលនោះក្រុមការងារបានបានធ្វើការណែនាំ អប់រំ ឲ្យជនសង្ស័យសាសន្ទូចរនងចេញ ប៉ុន្តែជនសង្ស័យបានឆ្លើយតបមកវិញថា សម្ដេចតេជោ បានប្រកាសឲ្យដាក់សន្ទូចវិញហើយ បើទោះជាក្រុមឆ្មាំទន្លេខំពន្យល់ប្រាប់ថា តំបន់នេះជាកន្លែងអភិរក្សផ្សោតកាំពី ហាមឃាត់ការប្រើប្រាស់សន្ទូចរនង បែរជាជនសង្ស័យប្រើពាក្យមិនសមរម្យ និងជេរប្រមាថមកលើក្រុមឆ្មាំទន្លេ។

បន្ទាប់មកក្រុមឆ្មាំទន្លេ បានច្រានក្បាលទូកជនសង្ស័យចេញ ភ្លាមនោះជនសង្ស័យបានបញ្ឆេះម៉ាសុីន ហើយបើកទូកសំដៅមកបុកទូកឆ្មាំទន្លេពីក្រោយ បណ្តាលឲ្យលិចចូលក្នុងទន្លេ ភ្លាមនោះដែរឆ្មាំទន្លេពីរនាក់ដែលពាក់អាវពោង បានហក់ឡើងតោងចាប់ទូកជនសង្ស័យជាប់ និងបានឡើងលើទូកជនល្មើស ពេលនោះជនល្មើសបានស្ទុះទៅយកកូនកាំបិតចុងស្រួចមកចាក់ឆ្មាំទន្លេ ប៉ុន្តែភ្លាមនោះដែរ ឆ្មាំទន្លេស្រវ៉ាចាប់បានដែកយុថ្កា និងច្រវ៉ាកាន់នឹងដៃដើម្បីការពារខ្លួន។ ឃើញសភាពមិនស្រួល ជនសង្ស័យបានទាញយកកានមកកាន់ជាប់នឹងខ្លួនហើយក៏បានលោតចុះហែលទឹកបានបន្តិច ក៏មានទូក១គ្រឿងផ្សេងទៀត បើកមកយកជនសង្ស័យចូលខាង ហើយរត់គេចខ្លួន។

តាមរបាយការណ៍បញ្ជាក់ទៀតថា ទូកឆ្មាំទន្លេដែលលិចបាត់ក្នុងទន្លេ បាត់បង់សម្ភាររួមមាន ទូកស្មាច់ប្រវែង៦.៧ម៉ែត្រ, ម៉ាសុីនម៉ាកហុងដាកម្លាំង១៣សេះ ១គ្រឿង, GPS ១គ្រឿង, ទូរស័ព្ទដៃម៉ាក Oppo ចំនួន២គ្រឿង, សម្ភារប្រើប្រាស់មួយចំនួនទៀត សរុបថវិកាប្រហែល១,៨០០ដុល្លារ។ ចំណែកសម្ភារដែលក្រុមឆ្មាំទន្លេដកហូតបានពីជនល្មើស រួមមាន ទូវអេវឈើ ប្រវែង៨.៥០ម៉ែត្រ ១គ្រឿង, ម៉ាសុីនម៉ាកហុីណូតា កម្លាំង១៨សេះ ១គ្រឿង។

វត្ថុតាងខាងលើត្រូវបានក្រុមឆ្មាំទន្លេ យកមករក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍ឆ្មាំទន្លេអភិរក្សផ្សោតកាំពី ដើម្បីរៀបចំសំណុំឯកសារបញ្ជូនទៅថ្នាក់លើសុំយោបល់សម្រេច។ ចំពោះជនសង្ស័យបានរត់គេចខ្លួនបាត់ ហើយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំបុក ស្រុកចិត្របុរី កំពុងស្រាវជ្រាវ និងតាមរកជនសង្ស័យដើម្បីនាំខ្លួនមកចាត់ការតាមនីតិវិធី៕