(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញកាត់កញ្ចប់វិញ្ញាសារប្រលងក្របខ័ណ្ឌមន្រ្តីរាជការសុីវិលរបស់រដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ចំនួន១៣នាក់ ក្នុងចំណោមបេក្ខជនចំនួន៤៥៣នាក់ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ។

លោក វ៉ា ថន បានបញ្ជាក់ថា ការប្រឡងមន្ត្រីរាជការនាពេលនេះធ្វើឡើងប្រកបដោយតម្លាភាព និងមានការទទួលខុសត្រូវខ្ពស់ពីមន្ត្រីជាគណៈមេប្រយោគ និងអនុរក្សគ្រប់ៗរូប អ្វីដែលសំខាន់សូមឱ្យបេក្ខជនបេក្ខនារីទាំងអស់ ត្រូវប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួនយ៉ាងពិតប្រាកដ។

លោកអភិបាលខេត្ត បានផ្ដាំផ្ញើទៅបេក្ខជនប្រលងឲ្យខិតខំប្រឹងប្រែងធ្វើកិច្ចការឲ្យបានល្អ អ្នកចេះ គឺជាប់។ ក្រោយពីប្រលងជាប់ ត្រូវយកចំណេះដឹងទៅបម្រើប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីអភិវឌ្ឍន៍ស្រុក ឃុំ ឲ្យកាន់តែរីកចម្រើនកុំប្រកាន់បក្ខពួកនិយម ហើយលោកបានជូនពរបេក្ខជនទាំងអស់ទទួលបានជោគជ័យ។

ជាមួយគ្នានេះ លោក វ៉ា ថន បានណែនាំបន្ថែមដល់មន្ត្រីដែលមានតួនាទី និងភារកិច្ចក្នុងការប្រឡងជ្រើសរើស មន្ត្រីរាជការចូលក្របខ័ណ្ឌ ក្នុងរដ្ឋបាលស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា បេក្ខជនក្នុងបញ្ជីប្រឡងក្របខ័ណ្ឌមន្ត្រីរាជការសុីវិល ក្រសួងមហាផ្ទៃ ចំនួន៤៥៣ អង្គ/នាក់ ស្រី២៦២នាក់ ក្នុងនោះក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ចំនួន៨៤នាក់/ស្រី៣២នាក់, ក្របខ័ណ្ឌមន្ត្រីក្រមការ ចំនួន៩៤នាក់/ស្រី៥៦នាក់, ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ចំនួន២៧៥នាក់/ស្រី១៧៤នាក់៕