(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ បានជ្រើសរើសយកវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ជាមណ្ឌលប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៣ តាមការសម្រេចរបស់ក្រសួងមហាផ្ទៃ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចាត់តាំងមន្ត្រីរាជការឲ្យចូលរួមជាសមាជិក គណៈកម្មការ និងអនុគណៈកម្មការ ចំនួន៨ ដើម្បីទទួលខុសត្រូវតាមភារកិច្ចរៀងៗ ខ្លួនក្នុងមណ្ឌលប្រឡង។

ការកាត់វិញ្ញាសារប្រឡងត្រូវបានធ្វើឡើងដោយមានការចូលរួមពីលោក ឯល ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ, លោម ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក កើត ឆែ អភិបាលរង តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ។

សម័យប្រឡងនេះ ធ្វើឡើងរយៈពេលមួយព្រឹក ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រឡងចំនួន២,២៤៤រូប, ជានារីចំនួន១,០០២រូប ស្មើនឹង៩១បន្ទប់។ តាមការគូសបញ្ជាក់ពីគណៈកម្មការមេប្រយោគ បានឲ្យដឹងថា ប្រភេទក្របខ័ណ្ឌត្រូវបានចែកចេញជា៣គឺ៖

* ទីស្តីការក្រសួងមហាផ្ទៃ៖
ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ជ្រើសរើស១៥នាក់ ក្នុងចំណោមបេក្ខជន ដាក់ពាក្យប្រឡង ចំនួន៤៥០នាក់
ក្របខណ្ឌមន្ត្រីក្រមការ ជ្រើសរើស១៥នាក់ ក្នុងចំណោមបេក្ខជន៤៨៩នាក់
ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ត្រូវជ្រើសរើស១០នាក់ ក្នុងចំណោមបេក្ខជន ចំនួន៦៥៦នាក់។

* រដ្ឋបាលរាជធានីភ្នំពេញ មានក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ជ្រើសរើស ចំនួន៥នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងចំនួន១៤១នាក់៖
ក្របខ័ណ្ឌមន្ត្រីក្រមការ ជ្រើសរើស ៥នាក់ក្នុងចំណោមបេក្ខជន ដាក់ពាក្យប្រឡងចំនួន១៦០នាក់
ក្របខ័ណ្ឌលេខាធិការរដ្ឋបាលបាល ត្រូវជ្រើសរើស៥ នាក់ក្នុងចំណោមបេក្ខជន៣៤៨នាក់។

ចំពោះការប្រឡងមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ធ្វើឡើងលើវិញ្ញាសារ ជំនាញឯកទេស និងភាសាអង់គ្លេស មានរយៈពេល២ម៉ោង, ក្របខ័ណ្ឌមន្ត្រីក្រមការ ប្រឡងលើវិញ្ញាសារជំនាញ និងភាសាអង់គ្លេស មានរយៈពេល២ម៉ោង។

ចំពោះក្របខ័ណ្ឌលេខាធិការរដ្ឋបាលប្រឡងលើវិញ្ញាសារចំណេះដឹងទូទៅ, ចំណេះដឹងការងាររដ្ឋបាល និងចំណេះដឹងលើវិស័យមុខងារសាធារណៈ មានរយៈពេល២ម៉ោងដូចគ្នា។

ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបំពេញសំណូមពរចាំបាច់ នៃតម្រូវការភារកិច្ចចំពោះមុខ ហើយបេក្ខជន បេក្ខនារីទាំងអស់ត្រូវបានប្រឡងជ្រើសរើស ចេញពីសិស្ស និស្សិត ដែលបានប្រឡងជាប់ចាប់ពីកម្រិតទុតិយភូមិឡើងទៅ៕