(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន៧៥៥នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ។

ក្នុងឱកាសនោះ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ថ្មីទាំងអស់បានធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖

*ទី១៖ ប្តេជ្ញាស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជាអស់មួយជីវិត
*ទី២៖ ប្តេជ្ញាគាំទ្រគណបក្សប្រជាជនកម្ពុជា និងនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារៀងរាល់អាណត្តិជាដាច់ខាត
*ទី៣៖ ប្តេជ្ញាដើរតាមមាគ៌ាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាជារៀងរហូត
*ទី៤៖ ប្តេជ្ញាជ្រោងទង់សន្តិភាព ឲ្យបានគង់វង្សដាច់ខាត។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ម៉ា ឈឿន បានណែនាំទៅសមាជិកថ្មីពីតួនាទីសំខាន់ៗ ក្នុងនាមជាសមាជិកបក្ស។ លោកបណ្ឌិត ក៏បានលើកឡើងពីសមិទ្ធផលការខិតខំប្រឹងប្រែង និងការលះបង់ប្តូរផ្តាច់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាកន្លងមក ដែរនាំមកជូនកម្ពុជា នូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិដូចសព្វថ្ងៃ៕