(ត្បូងឃ្មុំ)៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារចុះជួយមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែកទទួលបានការ ពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះជួយមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក វង សូត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងលោកស្រី និងសមាជិកជាច្រើនរូបទៀត។

មានប្រសាសន៍នាឳកាសនោះលោក វង សូត បានលើកឡើងថា នេះគឺជាការយកចិត្តទុកដាក់មួយរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចំពោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ជាតិសាស ឬនិន្នាការនយោបាលឡើយ ព្រោះថា ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃគឺជាការរួមចំណែកមួយយ៉ាងសំខាន់ដើម្បីសុខភាពបងប្អូនល្អ អាចប្រកបកិច្ចការរកស៊ីចិញ្ចឹមជីវិតបានកាន់តែប្រសើឡើងថែមទៀត ។

ជាមួយគ្នានោះលោក ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រួពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានចំណាយពេលមកពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំកណ្តោលជ្រុំ នាពេលនេះ ។

លោករដ្ឋមន្រ្តីបានបន្តថា យើងរស់នៅសុខស្រួលដោយសារស្រុកទេសមានសុខសន្តិភាព មានការភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះការគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋគឺជាគោលនយោបាយយ៉ាងសំខាន់មួយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខ ជាស្តែងនៅក្នុងដំណាក់កាលនៃការ ឆ្លងរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានចំណាយថវិការរាប់រយលានទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។

ក្នុងនោះដែរប្រជាពលរដ្ឋដែលងាយរងគ្រោះក៏ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូននូវទឹកប្រាក់ជាប្រចាំ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។

ជាមួយនឹងការផ្តល់ជូននេះបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវា ពិនិត្យ និងព្យាបាលជំងឺ បានសម្តែងក្តីរីករាយ និងបានលើកឡើងថា ពួកគាត់ពិតជាអគុណថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ ដែលបានគិតគូពីសុខទុករបស់ពួកគាត់រហូតមក ។ ពួកគាតថាកើតក្នុងសម័យតេជោពិតជាមានសំណាងណាស់ ព្រោះរស់នៅគ្មានការភិតភ័យ ប្រជាពលរដ្ឋមានសេរីភាពពេញលេញ ដូចនេះមានតែបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ដើម្បីបន្តដឹកនាំប្រទេសជារៀងរហូត៕