(កំពង់ឆ្នាំង)៖ រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ ប្រកាសតែងតាំងព្រះភិក្ខុ អ៊ឹម ឡូញ ឲ្យឡើងទីជាព្រះគ្រូចរយាតិរត្ខិតញ្ញាណ ព្រះគ្រូគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការពេញសិទ្ធិ ស្រោចស្រពព្រះសុគន្ធវារី និងសម្ពោធឆ្លងកុដិ ព្រមទាំងសមិទ្ធផលនានា ក្នុងវត្តឧទុម្ពរ ស្ថិតនៅក្នុងភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពិធីនេះបានប្រព្រឹតទៅនាព្រឹកថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនឹង ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពភាពបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។

បណ្ឌិតាភាចារ្យរដ្ឋមន្រ្ដី បាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្រ្ដី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋស្រុករលាប្អៀរ ក៏ដូចជាបងប្អូននៅទូទាំងខេត្តកំពង់ឆ្នាំ និងបានជម្រាបជូនអំពីសភាពការណ៍ក្នុង និងក្រៅប្រទេស ជាពិសេសគឺសមិទ្ធផលដ៏ធំធេង និងជ័យជំនះជាប្រវត្តិសាស្រ្ដ របស់គណបក្សប្រជាជនកម្ពុជានាំមកនូវសុខសន្តិភាព ។
សមិទ្ធផលដែលត្រូវសម្ពោធឆ្លងនាពេលនេះមាន កុដិថ្មី១ខ្នង កំពស់២ ជាន់ ក្លោងទ្វារ និងរបងវត្ត អំពូលសឡាចំនួន ៣០ដើម ចាក់បេតុងក្នុទីធ្លាវត្ត បន្ទប់អនាម័យ ១០បន្ទប់ ស្គរជ័យ១ និងតុសម្រាប់ឆង្ហាន់ព្រះសង្ឃ ។

បណ្ឌិតសភាចារ្យបានបន្តថា ក្នុងរបបប្រល័យពូជសាន៍ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ រួមទាំងព្រះវិហារ វត្តអារាម ត្រូវបានកំទេច ធ្វើឱ្យវិស័យព្រះពុទ្ឋសាសនា ត្រូវបានរលាយទាំងស្រុង។ ប៉ុន្តែ ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ វិស័យព្រះពុទ្ធសាសនាបានរស់ឡើងវិញហើយត្រូវបានចាត់ទុកថា ព្រះពុទ្ធសានាជាសានារបស់រដ្ឋ។ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំអភិវឌ្ឍប្រទេសបន្តទៀត ជាក់ស្ដែងផ្លូវថ្នល់នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងយើងនេះ។

បណ្ឌិតាភាចារ្យបានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានត្រូបន្តអនុវត្តចលនាភូមិឃុំមានសុវត្តិភាព រក្សាសន្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុម និងបានថ្លែងអំណរគុណចំសប្បុរសជនដែលបានរួមគ្នាកសាងសមិទ្ធផលនេះឡើង។

ទាក់ទិនទៅនឹង ស្ថានភាពនយោបាយនៅកម្ពុជា លោកបណ្ឌិត បានរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋ កុំជឿលើការញុះញង់របស់ជនអគិតិមួយចំនួន ហើយ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះសូមបងប្អូន ត្រៀមឯកសារពាក់ព័ន្ធ និងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន បានបន្តធ្វើជានាយករដ្ឋមន្រ្ដី ការពារសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនថែមទៀត ៕