(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់។

ក្នុងពិធីនេះ ក៏មានការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោកសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា, លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាព្រមទាំងអនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា សមាជិក សមាជិកា អនុសាខាស្រុក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាផងដែរ។

យោងតាមរបាយការណ៍លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាស្រុកបាណន់ បានឲ្យដឹងថា អគារស្នាក់ការអនុសាខានេះមានទីតាំងនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ទំហំអគារ១២ម៉ែត្រ គុណ១៤ម៉ែត្រ ប្រកក្បឿងសេរ៉ាមិច មានបន្ទប់ធ្វើការ១ សាលប្រជុំ១ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ដាក់ឯកសារ និងសម្ភារ១ បន្ទប់ទឹក២ ព្រមទាំងតបណ្តាញអគ្គិសនី បំពាក់អំពូល កង្ហារ ខ្លោងទ្វា របងដង ទងជាតិ ឃ្លាំងដាក់សម្ភារៈដាច់ដោយឡែកមានទំហំ ៦ម៉ែត្រ គុណ១២ម៉ែត្រ បន្ទប់ទឹកដាច់ដោយឡែកទំហំ៣ម៉ែត្រ គុណ៤ម៉ែត្រ បានសាងសង់រួចជាស្ថាពរនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដោយចំណាយថវិការអស់៨៥,៥៣០ដុល្លារ។

អគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មីនេះ ជាសមិទ្ធផលមួយទៀតក្នុងចំណោមសមិទ្ធផលជាច្រើន ដែលកើតចេញពីគំនិត ផ្តួចផ្តើមរបស់សម្ដេចក្រឡាហោម ស ខេង និងលោកស្រី តាមរយៈលោកសន្តិបណ្ឌិតសុខ ផល ប្រធានកិត្តិយសសាខាខេត្ត និងលោក គៀត ច័ន្ទថារិទ្ធ អនុប្រធានកិត្តិយសសាខា លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត រួមជាមួយ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត។

យោងតាមចំណាក្នុងក្រាំងមាសរបស់ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា តាងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សូមថ្លែងអំណរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ គណៈកិត្តិយសសាខាដែលមាន លោកសន្តិបណ្ឌិតសុខ ផល ប្រធានកិត្តិយសសាខាខេត្ត គណៈកម្មាធិការសាខាខេត្ត ដែលមានលោក សុខ លូ ជាប្រធាន អនុសាខាស្រុក ព្រមទាំងសមាជិកទាំងអស់។

ជាពិសេសសប្បុរសជននានា ដែលបានចំណាយធនធាន កម្លាំងកាយចិត្ត និង លះបង់ពេលវេលាសាងសង់សមិទ្ធផលថ្មី ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដែលត្រូវការឲ្យជួយជាចាំបាច់។

បន្ថែមលើនេះអគារទីស្នាក់ការអនុសាខាស្រុកនាពេលនេះ គឺបានដើរតួនាទីយ៉ាងសំខាន់ ជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ក្នុងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឲ្យបានទាន់ពេលវេលាយ៉ាងសកម្មផុលផុសក្នុងប្រតិបត្តិការសកម្មភាពមនុស្សធម៌ ក្រោមការដឹកនាំសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

សម្តេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន គណៈកម្មាធិការសាខាខេត្ត អនុសាខាស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដែលបានខិតខំ បំពេញការងារមនុស្សធម៌ ប្រកបដោយមនសិការខ្ពស់ ក្នុងកិច្ចការចូលរួមអភិវឌ្ឍសង្គម និងលើកកម្ពស់វប្បធម៌ចែករំលែក សេដ្ឋកិច្ច និងធនធានមនុស្សប្រកបដោយការទទួលខុសត្រូវ ហើយសូមចូលរួមថែរក្សាការពារសមិទ្ធផលទាំងនេះឲ្យបានគង់វង្សយូរអង្វែងតរៀងទៅ៕