(កំពង់ធំ)៖ នៅក្នុងកិច្ចប្រជុំប្រចាំខែ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានជំរុញក្រុមការងារស្រុកកំពុងស្វាយ រៀបចំផែនការឲ្យបានរួចរាល់ដើម្បីត្រៀមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតដែលនឹងមកក្នុងពេលឆាប់ៗខាងមុខ។

ក្នុងឱកាសនោះ លោកស្រី ឃួន ឃុនឌី ក៏បានកោតសរសើរដល់ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើន លើគ្រប់វិស័យ និងរក្សាបាននូវសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមបានល្អប្រសើឆ្ពោះទៅមុខ។

លោកស្រី ក៏បានស្នើឲ្យក្រុមការងារចុះមូលដ្ឋាន ត្រូវខិតខំបន្តអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ និងត្រូវរួមសហការគ្នាក្នុងការអនុវត្តការងារសំខាន់ៗ រួមមាន ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពបច្ចាមិត្តនានា។

អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំឲ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ហើយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លើសពីនេះ ត្រូវបន្តយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើន។

លោកស្រីបន្តថា ជាពិសេសត្រូវត្រួតពិនិត្យ សមាជិក សមាជិកា ដោយយកចិត្តទុកដាក់ខ្ពស់ និងខិតខំបញ្ចូលសមាជិកថ្មី ដែលជាយុវជនឲ្យក្លាយជាកម្លាំង ក្នុងការចូលរួមរបស់គណបក្សនៅគ្រប់ទីកន្លែង ក៏ដូចជាបង្កើនសន្ទុះ នៃការគាំទ្រមកលើគណបក្សឲ្យកាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រកាន់តែខ្លាំង។ ចំណែកឯមន្ត្រីគណបក្សគ្រប់ថ្នាក់ ត្រូវតែបន្តរក្សាសាមគ្គីភាព ខិតខំធ្វើអំពើល្អជាមួយប្រជាជន កាត់បន្ថយភាពអសកម្ម និងជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅពេលខាងមុខឲ្យបានគ្រប់គ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលបម្រើការពារយើង៕