(កំពង់ធំ)៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង២៨៥ម៉ែត្រ ក្រោមជំនួយឧបត្ថម្ភពីគណៈបញ្ជាការយោធាខេត្តប៊ិញភឿក យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកវរសេនីយ៍ឯក ង្វៀន គួកប៊ិញ មេបញ្ជាការយោធាខេត្តប៊ិញភឿក។

លោកវរសេនីយ៍ត្រី ឃួន សុខមករា នាយផ្នែកវិស្វកម្ម នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្លូវបេតុងនេះ មានប្រវែង២៨៥ម៉ែត្រ ទទឹងប្រវែង៥ម៉ែត្រ កម្រាស់បេតុង១៥សង់ទីម៉ែត្រ ស្ថាបនាតាមលក្ខណៈបច្ចេកទេស ដោយប្រើប្រាស់រយៈពេល នៃការស្ថាបនាចំនួន១៥ថ្ងៃ ដែលជាជំនួយថវិការបស់គណៈបញ្ជាការយោធាខេត្តប៊ិញភឿក យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ប្រគល់ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ប្រើប្រាស់សម្រួលដល់ការធ្វើដំណើរនៅក្នុងអង្គភាព។

លោកវរសេនីយ៍ឯក ង្វៀន គួកប៊ិញ ប្រធានគណៈបញ្ជាការយោធាខេត្តប៊ិញភឿក បានលើកឡើងថា អង្គភាពយោធាខេត្តប៊ិញភឿក នៃកងទ័ពប្រជាជនវៀតណាម និងអង្គភាពយោធាខេត្តកំពង់ធំ នៃកងយោធពលខេមរភូមិន្ទ គឺជាអង្គភាពសហប្រតិបត្តិការក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា មានរយៈពេល២០ឆ្នាំមកហើយ ដូច្នេះគណៈបញ្ជាការយោធាខេត្តប៊ិញភឿក បានសម្រេចស្ថាបនាផ្លូវបេតុងមួយខ្សែថ្មីទៀត ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីជួយកែលម្អសោភ័ណភាពនៅក្នុងទីតាំងបន្ទាយ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះលោកវរសេនីយ៍ឯក ង្វៀន គួកប៊ិញ និងថ្នាក់ដឹកនាំ នៃបញ្ជាការយោធាខេត្តប៊ិញភឿក ដែលបានស្ថាបនាផ្លូវបេតុងមួយខ្សែថ្មីទៀត ប្រវែង២៨៥ម៉ែត្រ នៅពេលនេះ ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយកន្លងមកគណៈបញ្ជាការយោធាខេត្តប៊ិញភឿក ក៏បានស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង២៧៥ម៉ែត្រ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំរួចមកហើយ៕