(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយមន្ដ្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ បានចូលរួមបើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជន ឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌជាមន្ដ្រីរាជការស៉ីវិល នៅរដ្ឋបាលក្រុង ស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ។ ដំណើរការប្រឡងនេះ បានធ្វើឡើងនៅវិទ្យាល័យ សម្ដេចឪ។

លោក អ៊ុំ រាត្រី បានឲ្យដឹងថា បេក្ខជនដែលចូលប្រឡងជ្រើសរើសជាមន្ដ្រីរាជការក្របខ័ណ្ឌរដ្ឋបាល ទាំង៩ ក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ មានចំនួន១០០នាក់ ដែលលោកបានណែនាំឲ្យបេក្ខជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ហើយលោកក៏បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡងនេះ។

លោកអភិបាលខេត្ត បានអះអាងថា ក្នុងករណីរកឃើញថា បេក្ខជន បេក្ខនារីណា ដែលបានប្រព្រឹត្តល្មើសនឹងវិន័យ ត្រូវកំណត់ឲ្យធ្លាក់ដោយស្វ័យប្រវត្តិ ខណៈអ្នកដែលមានសមត្ថភាព នឹងទទួលបានជោគជ័យ ពោល «អ្នកចេះ គឺជាប់»។

សូមបញ្ជាក់ថា វិញ្ញាសារប្រឡងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលនេះទាំង៩ ក្រុង ស្រុកនេះ មានរយៈពេលមួយព្រឹក រួមមាន វិញ្ញាសារជំនាញឯកទេសកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងវិញ្ញាសាភាសាអង់គ្លេស៕