(ភ្នំពេញ)៖ ដូចរៀងរាល់ឆ្នាំ ក្នុងឱកាសថ្ងៃកំណើត នៃការចាប់បដិសន្ធិរបស់បណ្ដាញព័ត៌មាន Fresh News លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក តែងតែនាំបុគ្គលិកធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ដើម្បីនាំភាពសប្បាយរីករាយជូនដល់បុគ្គលិកគ្រប់រូបក្នុងមួយឆ្នាំម្តង។

ក្នុងខួប៩ឆ្នាំ ដែលត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដំណើរកម្សាន្ដប្រចាំឆ្នាំនេះ របស់បណ្ដាញព័ត៌មាន Fresh News ត្រូវបានពន្យាពេលដោយសារ ភាពមមាញឹកក្នុងការផ្សព្វផ្សាយព័ត៌មានពីព្រឹត្តិការណ៍ដ៏សំខាន់ នៃការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

រហូតដល់ថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៣ ទើបលោក លឹម ជាវុត្ថា បានរៀបចំដំណើរកម្សាន្ដជូនបុគ្គលិកជាង២៥០នាក់ ទៅកាន់កោះទន្សាយ ស្ថិតក្នុងខេត្តកែប ដើម្បីអបអរសាទរខួប៩ឆ្នាំ នៃថ្ងៃកំណើតរបស់អង្គភាពព័ត៌មាន Fresh News។ ក្នុងដំណើរកម្សាន្ដនេះ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដោយបានជូនដំណើរនៅកំពង់ផែ និងចូលរួមទទួលទានអាហានរួមគ្នា នៅកោះទន្សាយ ខេត្តកែប ថែមទៀតផង។ ក្នុងនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាមរយៈលោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ក៏បានបញ្ជូនអូប័រចំនួន៣គ្រឿង សម្រាប់ការធ្វើដំណើរទៅមករបស់បុគ្គលិកបណ្ដាញព័ត៌មាន Fresh News ផងដែរ។

បុគ្គលិកបម្រើការងារនៅអង្គភាពព័ត៌មាន Fresh News មានជាង១៣០នាក់ តែដំណើរកម្សាន្តត្រូវបានលោក លឹម ជាវុត្ថា បើកទូលាយ ពោលគឺអនុញ្ញាតឲ្យបុគ្គលិកទាំងអស់អាចនាំភរិយា ស្វាមី ឪពុកម្តាយ ក្រុមគ្រួសារសាច់ញាតិ និងគូសង្សាមកលេងកម្សាន្តជាមួយផងដែរ។ ដូច្នេះធ្វើដំណើរកម្សាន្តនៅឆ្នាំនេះ មានអ្នកចូលរួមរហូតដល់ទៅជាង២៥០នាក់។ ខួប៩ឆ្នាំនេះ ដូចសព្វមួយដង Fresh News ក៏បានចែកថវិកាជូនបុគ្គលិកម្នាក់ៗចំនួន២០០ដុល្លារផងដែរ។

លើឆ្នេរសមុទ្រកោះទន្សាយ ពីរថ្ងៃ មួយរាត្រី បាននាំមកនូវស្នាមញញឹម និងភាពរីករាយយ៉ាងក្រៃលែងសម្រាប់លោកអគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ បុគ្គលិក ព្រមទាំងក្រុមគ្រួសារ។ ក្រៅតែពីការស្រស់ស្រូបអាហារជុំគ្នា កម្មវិធីកម្សាន្តជាច្រើន ត្រូវបានរៀបចំឡើង ដើម្បីញ៉ាំងភាពសប្បាយរីករាយ និងសាងនូវអនុស្សាវរីយ៍សម្រាប់បុគ្គលិកគ្រប់រូប។

ឆ្លៀតក្នុងឱកាសដើរលេងកំសាន្តនោះដែរ លោក លឹម ជាវុត្ថា ក៏បានចូលរួមជួយឧបត្ថម្ភដល់កងកម្លាំងការពារជើងទឹករបស់ វរៈសេនាតូចការពារព្រំដែនទឹក៤៣០ ខេត្តកែប ដោយឧបត្ថម្ភថវិកា៤លានរៀល និងអង្ករ២តោន របស់អភិបាលខេត្តកែប។

លោក លឹម ជាវុត្ថា ក៏បានឧបត្ថម្ភដល់នគរបាលប៉ុស្តិ៍ការពារលើកោះទន្សាយ ចំនួន២លានរៀល និងនគរបាលការពារជើងទឹក ចំនួន២លានរៀលផងដែរ។

សូមបញ្ជាក់ថា Fresh News ជាបណ្តាញផ្សព្វផ្សាយបែបទំនើបក្នុងយុគ្គសម័យនៃការរីកចម្រើនផ្នែកឌីជីថល ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤។ Fresh News ត្រូវបង្កើតឡើងដោយលោក លឹម ជាវុត្ថា និងសហស្ថាបនិករបស់លោក គឺលោក គឹម ម៉េង។

Fresh News ត្រូវបានបង្កើតឡើងដោយប្រើមធ្យោបាយបែបទំនើប ដោយបញ្ជូនព័ត៌មានទៅដល់ទូរស័ព្ទរបស់មិត្តអ្នកអានរបស់ខ្លួនតែម្តង។ បើទោះបី Fresh News ចាប់កំណើតក្នុងពេលមានការប្រកួតប្រជែង និងប្រឈមជាមួយការប្រកួតប្រជែងយ៉ាងខ្លាំងជាមួបណ្តាញសង្គមនានា ជាពិសេសបណ្តាញសង្គម Facebook ក្តី តែអង្គភាពព័ត៌មាន ដែលទទួលបានការគាំទ្រពីអ្នកអានគ្រប់ឋានានុក្រម និងស្រទាប់វណ្ណៈមួយនេះ នៅតែអាចបន្តឈរជើងដោយភាពរឹងមាំ។

មិនត្រឹមតែអាចឈរជើងដោយរឹងភាពរឹងមាំប៉ុណ្ណោះទេ តែ Fresh News ក្រោមការដឹកនាំរបស់លោក លឹម ជាវុត្ថា បានពង្រីកការផ្សព្វផ្សាយរបស់ខ្លួនជាបន្តបន្ទាប់ និងកាន់តែសម្បូរបែប ដើម្បីផ្តល់ភាពងាយស្រួលដល់មិត្តអ្នកអានក្នុងការទទួលព័ត៌មាន។ ផ្តើមចេញពីការផ្សព្វផ្សាយត្រឹមវេបសាយ និង App ពេលបច្ចុប្បន្ន Fresh News បានពង្រីកការផ្សាយតាមទូរទស្សន៍ខ្សែកាប្លិ៍ និងផ្សាយតាមរយៈផ្កាយរណបគ្របដណ្តប់ទូទាំងប្រទេស ហើយក៏ផ្សាយទៅកាន់ Facebook មានចំនួន 4.2M, Facebook Fresh News TV ចំនួនជាង 2.1M, YouTube មានចំនួនជិត 837K, Telegram មានចំនួនជាង 86K និង Tiktok 305K (3.2M Likes) ។ មិនត្រឹមតែផ្សាយជាខេមរភាសាប៉ុណ្ណោះទេ Fresh News ក៏បានផ្សាយជាភាសាអង់គ្លេស និងភាសាចិនផងដែរ។

ក្នុងឱកាសប្រារព្ធខួប៩ឆ្នាំ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក Fresh News បានបង្ហាញក្តីរីករាយជាខ្លាំង។ នៅចំពោះមុខថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូប លោក លឹម ជាវុត្ថា បានគូសបញ្ជាក់ថា «យើងបានរួមរស់ជាមួយគ្នារយៈពេល៩ឆ្នាំហើយ។ ភាពជោគជ័យរយៈពេល៩ឆ្នាំមកនេះ គឺជាចំណែកស្មើៗគ្នារបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូប»

អគ្គនាយក លឹម ជាវុត្ថា បានបន្ថែមថា «ខ្ញុំមិនអាចដឹកនាំអង្គភាពនេះឱ្យរីកចម្រើនលូតលាស់បែបនេះបានឡើយ បើមិនមានការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូបទេនោះ»

អគ្គនាយកដែលដឹកនាំអង្គភាពដោយអនុវត្តន៍តាមគោលការណ៍ «ទឹកគូត្រី ស្រមោចគូស្ក» បានប្រកាសអំពាវនាវដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់បន្តប្រឹងប្រែងរួមគ្នា ជាកម្លាំងថែមទៀត ដើម្បីឱ្យអង្គភាពព័ត៌មាន Fresh News នៅតែអាចឈរជើងរឹងមាំលើការផ្សព្វផ្សាយព័ត៌មាន ហើយអាចផ្តល់នូវព័ត៌មានបានកាន់តែល្អប្រសើរ ដល់មិត្តអ្នកអាន ក្រោមទិសស្លោកថា «Fresh News មិននឿយហត់ក្នុងការបញ្ជូនព័ត៌មានទៅកាន់ពិភពលោក»

ក្នុងឱកាសខួប៩ឆ្នាំនេះ លោក លឹម ជាវុត្ថា ក៏បានថ្លែងអំណរគុណដល់ម្ចាស់ផលិតផលគ្រប់រូប ដែលផ្តល់ការគាំទ្រផ្សព្វផ្សាយលើ Fresh News។ សម្រាប់លោក លឹម ជាវុត្ថា ការគាំទ្រផ្នែកផ្សព្វផ្សាយពីសំណាក់ម្ចាស់អាជីវកម្មនានានៅកម្ពុជា គឺជាដៃគូសហការ និងគាំទ្រដ៏ខ្លាំងក្លាឱ្យ Fresh News អាចឈរជើងរឹងមាំ លើការផ្សព្វផ្សាយព័ត៌មាន និងផ្តល់ការងារជូនបុគ្គលិកផងដែរ៕