(ភ្នំពេញ)៖​ ក្រសួងអប់រំយុវជន​ និងកីឡា​ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ​ បានរៀបចំយុទ្ធនាការតាមកម្រិតវិទ្យាល័យក្នុងកម្មវិធីលើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើវិធីសាស្រ្តរៀនក្នុងបរិបទនៃការអប់រំឌីជីថល នៅកម្រិតមធ្យមសិក្សាទុតិយភូមិ​ ដោយបានចាប់ផ្តើមអនុវត្តជាលើកដំបូងនៅ នៅវិទ្យាល័យហ៊ុនសែនបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នឹងបន្តទៅកាន់វិទ្យាល័យគោលដៅមួយចំនួនទៀត នៅខេត្តកំពង់ធំ កំពង់ចាម និងរាជធានីភ្នំពេញ។

សូមជម្រាបថា​ បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ ដែលហៅកាត់ថា CDDE ដែលមានតួនាទីចំនួន៤ រួមមាន ១៖​ គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រប់គ្រងទិន្នន័យនៃការអប់រំឌីជីថល ដោយផ្តោយលើការរៀបចំបង្កើតមជ្ឍមណ្ឌលទិន្នន័យ (Data Center) ២៖​ ផលិតវីដេអូនៃការបង្រៀន ដោយរួមបញ្ជូលនូវការបញ្ជ្រាបវិធីសាស្រ្តបង្រៀនបែបថ្មី និងការឆ្លើយតបចំពោះការអប់រំពិសេស ៣៖​ រៀបចំហេដ្ឋារចនាសម្ព័ន្ធនៃការផលិតវីដេអូនៃការបង្រៀន ដោយផ្តោតលើការបង្កើតស្តូឌីយ៉ូសម្រាប់ផលិតវីដេអូ និងមាតិកាឌីជីថលដ៏ទៃ និងស្តូឌីយ៉ូខ្នាតធំសម្រាប់វេទិការអប់រំ និង ៤៖​ បង្កើតវេទិកាឌីជីថលសម្រាប់ការអប់រំតាមប្រព័ន្ធអេឡិចត្រូនិក ដោយផ្តោតលើការរៀបចំបង្កើត App និង Website សម្រាប់ការផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធគ្រប់គ្រងការសិក្សា ដោយផ្អែកលើបរិបទនៃការអប់រំនៅកម្ពុជា។

មកទល់បច្ចុប្បន្ននេះមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ បានផលិតធនធានសិក្សាឌីជីថល សម្រាប់គ្រប់មេរៀនគ្រប់មុខវិជ្ជា និងគ្រប់កម្រិតថ្នាក់ដូចខាងក្រោម៖

១៖​ ធនធានសៀវភៅសិក្សា៖ សន្លឹកកិច្ចការសម្រាប់លើកកម្ពស់ការចងចាំ, សៀវភៅលំហាត់អនុវត្ត, និងសៀវភៅជំនួយស្មារតីរូបមន្តគន្លឹះនិងសង្ខេបមេរៀន,
២៖​ ធនធានវីដេអូ ៖ វីដេអូសង្ខេបមេរៀន, វីដេអូបង្រៀនទូទៅ, និងវីដេអូសំណួរចម្លើយ
៣៖​ ធនធានអន្តរកម្ម៖ ប្រព័ន្ធធ្វើតេស្តសមត្ថភាពសិស្ស

បន្ថែមលើធនធានសៀវភៅសិក្សាទាំងអស់ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយបានរៀបចំធនធានសៀវភៅសិក្សាសម្រាប់សិស្សថ្នាក់ទី១២ ជាពិសេសរួមមាន៖

១៖​ ធនធានសៀវភៅសិក្សា៖ សៀវភៅសង្ខេបមេរៀនថ្នាក់វិទ្យាសាស្រ្ត, សៀវភៅសង្ខេបមេរៀន​ និងកម្រងវិញ្ញាសាអនុវត្ត, និងសៀវភៅកម្រងវិញ្ញាសានិងអត្រាកំណែ
២៖​ ធនធានវីដេអូ៖ វីដេអូដំណោះស្រាយវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ

នៅឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយនឹងបន្តផលិតធនធានសៀវភៅសិក្សា និងវីដេអូ សម្រាប់ការអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា រួមមានការពិសោធអនុវត្តក្នុងបន្ទប់ពិសោធន៍, ការសិក្សាដោយការបង្កើតគម្រោង, ការសិក្សាដោយការសង្កេតធម្មជាតិ, ការបង្កើនចំណាប់អារម្មណ៍ជាមួយវិទ្យាសាស្រ្ត។

សិស្សានុសិស្សទាំងអស់ក៏ដូចជាគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន គ្រូបង្រៀន និងមាតាបិតានិងអាណាព្យាបាល អាចចូលអានសៀវភៅ និងទស្សនាវីដេអូដែលជាធនធានសិក្សាឌីជីថល សម្រាប់គ្រប់មេរៀន គ្រប់មុខវិជ្ជា និងគ្រប់កម្រិតថ្នាក់ ដែលផលិតដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ តាមរយៈវេបសាយ www.duraseksa.com (http://www.duraseksa.com/) ឬតាម App កម្មវិធីទូរសព្ទដៃ Durasek App ។ ដោយសារធនធានសិក្សាឌីជីថលទាំងអស់ ត្រូវបានរក្សាទុកជាលក្ខណៈ Local Hosting ដោយផ្ទាល់នៅមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួង ដូច្នេះសិស្សានុសិស្សអាចអាននិងទស្សនាធនធានទាំងនេះក្នុងល្បឿនលឿនជាងការទស្សនាលើប្រព័ន្្ធដទៃ។

ក្នុងគោលដៅគាំទ្រដល់លទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយបានរៀបចំយុទ្ធនាការតាមកម្រិតវិទ្យាល័យ ក្នុងកម្មវិធី «លើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើវិធីសាស្រ្តរៀនក្នុងបរិបទនៃការអប់រំឌីជីថល នៅកម្រិតមធ្យមសិក្សាទុតិយភូមិ» ដោយការជួបផ្ទាល់ជាមួយសិស្សានុសិស្សនៅថ្នាក់ទី១០ដល់ទី១២។ នៅក្នុងកម្មវិធីនេះយុវជនស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ បានផ្តល់ការបណ្តុះបណ្តាលចំពោះតំណាងសិស្សថ្នាក់ទី១០ដល់ទី១២នៅតាមវិទ្យាល័យ ដើម្បីឱ្យសិស្សតំណាងថ្នាក់ទាំងនោះអាចបន្តផ្សព្វផ្សាយទៅកាន់មិត្តភក្តិនៅក្នុងថ្នាក់។

នៅក្នុងកម្មវិធី «លើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើវិធីសាស្រ្តរៀនក្នុងបរិបទនៃការអប់រំឌីជីថល នៅកម្រិតមធ្យមសិក្សាទុតិយភូមិ» សិស្សានុសិស្សនឹងទទួលបាន ៖

១៖​ ការស្វែងយល់ពីវិធីសាស្រ្តរៀន (Learning how to learn) ដែលមានន័យថាសិស្សានុសិស្សម្នាក់ៗអាចស្វែងរកឃើញវិធីសាស្រ្តរៀនដែលសមស្របសម្រាប់មេរៀន និងមុខវិជ្ជានីមួយៗ ក៏ដូចជាវិធីសាស្រ្តរៀនដែលសមស្របទៅតាមបុគ្គលិកលក្ខណៈរបស់ខ្លួន

២៖​ ការរៀនដោយស៊ីជម្រៅ (Enrichment Learning) ដោយប្រើប្រាស់ធនធានសិក្សាចំរុះ ដែលមានន័យថា សិស្សានុសិស្សអាចចេះប្រើប្រាស់ធនធានសិក្សាដែលផលិតដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ ដើម្បីបំពេញបន្ថែមទៅលើការរៀននៅក្នុងថ្នាក់ជាមួយគ្រូ

៣៖​ ការរៀនតាមបែបពន្លឿន (Accelerated Learning) សម្រាប់សិស្សថ្នាក់ទី១២ដែលមានលទ្ធផលនៃការសិក្សានៅទាប ហើយអាចរៀនបំប៉នសមត្ថភាពបន្ថែមដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

គួរបញ្ជាក់ដែរថា​ អក្ខរកម្មឌីជីថលខុសពីអក្ខរកម្មប្រពៃណី ដែលគ្រាន់តែបង្រៀនឱ្យមនុស្សចេះសរសេរ ចេះអាន និង ចេះលេខនព្វន្ត តែអក្ខរកម្មឌីជីថលត្រូវការបំណិនជីវិត ជាច្រើនបន្ថែមទៀត ដើម្បីបណ្តុះបណ្តាល ។ នៅក្នុងយុគសម័យបច្ចេកវិទ្យា សិស្សានុសិស្សមិនមែនត្រូវការតែ ចំណេះដឹងផ្នែកបច្ចេកវិទ្យាកុំព្យូទ័រប៉ុណ្ណោះទេ តែពួកគេត្រូវការជំនាញទន់ជាច្រើនផ្សេងទៀត ដូចជាជំនាញ វិភាគ ពិចារណា ស៊ីជម្រៅ ជំនាញប្រាស្រ័យទាក់ទង ការធ្វើការងារ ជាក្រុម និងការសម្របសម្រួលជាដើម។

លើសពីនេះទៀតការរៀនរបស់សិស្សគឺមិនត្រឹមតែកើតឡើងក្នុងថ្នាក់រៀនប៉ុណ្ណោះទេ តែសិស្សបាននៅគ្រប់កន្លែង គ្រប់ពេលវេលា ជាមួយធនធានសិក្សាដែលកាន់តែមានលក្ខណៈចំរុះ និងសម្បូរបែប។ កិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ គឺការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងអេកូស៊ីស្តែមនៃការអប់រំ ដែលសិស្សានុសិស្សអាចក្លាយជាអ្នកសិក្សាដែលមានការរៀនដោយឯករាជ្យ ការរៀនតាមតម្រូវការបុគ្គល ការរៀនដោយសហការ និងការរៀនតាមល្បឿនសិក្សារៀងៗខ្លួន។

សម្រាប់គណៈនាយកនៃវិទ្យាល័យរដ្ឋនិងឯកជន ដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីនេះ អាចទាក់ទងដោយផ្ទាល់មកកាន់ លោកបណ្ឌិត​ សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តាមរយៈតេឡេក្រាម 077586886 ឬតាមអ៊ីម៉េល [email protected]