(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត បេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តឃ្មុំ បានជំរុញឱ្យប្រជាពលរដ្ឋ ដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់គជប សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែប្រសើរថែមទៀត។

ការជំរុញបែបនេះរបស់លោក អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្ស និងប្រជាពលរដ្ឋ នៅភូមិទួលសូភី ភូមិទួលសូព័រ ភូមិបឹងផ្តិល និងភូមិពោង ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ។

ជាមួយគ្នានេះដែរ លោក អ៊ាង សុផល្លែត បានបញ្ជាក់ដែរថា ប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺបានបំពេញសិទ្ធិជាប្រជាពលរដ្ឋ និងបានសម្រេចចិត្តជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្តដែលមូលដ្ឋានគ្រឹះប្រជាធិបតេយ្យរបស់កម្ពុជា។

ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា រួមគ្នាអភិវឌ្ឍន៍មូលដ្ឋាន ជាយុទ្ធសាស្រ្តអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា។

លោក អ៊ាង សុផល្លែត បានបន្តថា ជាក់ស្តែងក្នុងមូលដ្ឋានស្រុកអូរាំងឪ ក្រុមការងារគណបក្សប្រជាជន បានកសាងសមិទ្ធផលជាច្រើនដើម្បីបម្រើជូនប្រជាពលរដ្ឋមានដូចជា៖ ការជួសជុល និងធ្វើផ្លូវថ្មីៗជាច្រើនខ្សែ ជាពិសេសយុទ្ធនាការផ្លូវរលោង គ្មានជង្ហុក កន្លងទៅនេះ ដែលទូទាំងស្រុក បានស្ថាបនាជាង ៨០គីឡូម៉ែត្រ។ កន្លងមកក្រុមការងារគណបក្សចុះមូលដ្ឋាន បានផ្តល់ជូនអំពូលសូឡា ដើម្បីបំភ្លឺតាមមូលដ្ឋាន បានជាង២០០០បង្គោល និងបន្តផ្តល់ជូនសូឡាដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅក្នុងឆ្នាំក្រោយជា បន្តបន្ទាប់ទៀត។

លោក អ៊ាង សុផល្លែត បានបន្ថែមថា ក្រុមការងារគណបក្សប្រជាជនកម្ពុជា នឹងបន្តពង្រឹងនិងពង្រីកវិស័យអបរំ ជូនប្រជាពលរដ្ឋ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំរៀន ដោយរៀបចំសាលារៀនទាំងអស់ទូទាំងស្រុកអូររាំងឪ ឱ្យមានសោភ័ណភាពអនាម័យ បរិស្ថានល្អ មានម៉ាសុីនទឹកស្អាត ជាបន្តបន្ទាប់នៅគ្រប់សាលារៀនទាំងអស់ក្នុងទូទាំងស្រុក។

ជាក់ស្តែង ដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខ អគារសាលារៀនចំនួន១ខ្នង កម្ពស់២ជាន់ និងមានបន្ទប់សិក្សាចំនួន១៨បន្ទប់ នឹងប្រារព្ធបើកការដ្ឋានសាងសង់នៅវិទ្យាល័យសម្តេច ហេង សំរិន ចក ក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជានិងជាប្រធានរដ្ឋភានៃព្រះរាជាណាចក្រកម្ពុជា៕