(ភ្នំពេញ)៖ ថ្នាំញៀនជិត២០០គីឡូក្រាម ជាមួយជនសង្ស័យចំនួន ៣នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល បង្ក្រាបបាននៅ ៥គោលដៅផ្សេងគ្នា។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែឧសភានេះថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ដែលកម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១ និង ក៥) សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយមានការដឹកនាំសម្របសម្រួល ពីព្រះរាជអជ្ញាសាលាដំបូងរាជធានីភ្នំពេញ និងព្រះរាជអជ្ញាអមសាលាដំបូង ខេត្តកណ្ដាល (ពន្លាតដែនសមត្ថកិច្ច) បានធ្វើការស្រាវជ្រាវ បង្រ្កាបនៅ ៥គោលដៅ (ភ្នំពេញ ៤គោលដៅ និងខេត្តកណ្ដាល ១គោលដៅ)៖

១៖ នៅចំណុចមុខក្រសួងពាណិជ្ជកម្ម មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២៖ នៅចំណុចផ្ទះជួលលេខ ៦៤E1 ផ្លូវលេខ១១០ ភូមិ៥ សង្កាត់ផ្សារចាស់ រាជធានីភ្នំពេញ
៣៖ នៅបុរីមួយកន្លែង ផ្ទះលេខ១០៧E ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ។
៤៖ នៅចំណុចបុរីមួយកន្លែង ផ្ទះលេខ១២៦ ផ្លូវលេខ ៣៥B ភូមិត្រពាំងព្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
៥៖ នៅចំណុចផ្ទះជួលលេខ ២CE1ផ្លូវ១០៩ ក្រុមទី៣១ ភូមិ៣ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បន្ទាប់ពីចុះបង្ក្រាបទាំង៥គោលដៅនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ភេទស្រីជនជាតិខ្មែររួមមាន៖ អ៊ឹម ស្រីពៅ អាយុ៣៨ឆ្នាំ, លាស់ ណេត អាយុ ៣៨ឆ្នាំ និងសេង គុន្ធី អាយុ៤៤ឆ្នាំ។ ដោយចាប់យកវត្ថុតាង ថ្នាំញៀន ៥ប្រភេទ (ហេរ៉ូអ៊ីន ម៉េតំហ្វេតាមីន MDMA ខេតាមីន នីមេតាហ្សេប៉ាម) ទម្ងន់ជាង១៩៣គីឡូក្រាម និង សារធាតុគីមី (មិនស្គាល់) ទម្ងន់ជាង ២.៣គីឡូក្រាម។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យថា គ្រឿងញៀនដែលបង្ក្រាបបាននេះ គឺបានដឹកជញ្ជូនគ្រឿងញៀនពីឡាវ កាត់តាមខេត្តស្ទឹងត្រែង ចូលមករាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង កម្លាំងជំនាញនៃមន្ទីរប្រឆាំបទល្មើសគ្រឿងញៀន កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបថា រយៈពេលចុងក្រោយនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការដឹកនាំផ្ទាល់ពី ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងបាន ចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដូចភ្លៀងរលឹមនៅទូទាំងប្រទេសជារៀងរាល់ថ្ងៃ ពិសេសបង្ក្រាបបានបទល្មើសជួញដូរគ្រឿងញៀនធំៗជាបន្តបន្ទាប់៕