(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន នឹងចុះហត្ថលេខាការផ្តល់ជំនួយឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងចំនួន ៥៥,២៧លានដុល្លារ បន្ថែមដល់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ។

ពិធីចុះហត្ថលេខាផ្តល់ជំនួយនេះនឹងធ្វើឡើងរវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ នៅទីស្តីការក្រសួងការបរទេស។

លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ដូចខាងក្រោម៖

ទី១៖ ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ៧.២០៥លានយ៉េន (ប្រមាណ ៥២,៦លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម) ដំណាក់កាលទី៤»

និងទី២៖ ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៣៦៦លានយ៉េន (ប្រមាណ ២,៦៧លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»

ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការខាងលើ នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្កើនការពង្រឹងទំនាក់ទំនងដ៏ល្អប្រពៃ និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់លើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ៕