(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត បេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានជំរុញឱ្យប្រជាពលរដ្ឋ ដែលគ្រប់អាយុ និងបានចុះឈ្មោះបោះឆ្នោត ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នោះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងបានលើកទឹកចិត្តដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តកសាង និងអភិវឌ្ឍន៍មូលដ្ឋានរបស់បងប្អូនឱ្យកាន់តែរីកចម្រើនថែមទៀត។

ការជំរុញបែបនេះរបស់លោក អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសលោកជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា និងប្រជាពលរដ្ឋនៅក្នុងភូមិបង្គានស និងភូមិទួលស្រឡៅ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋត្រូវចូលរូមថែរក្សា សន្តិភាព និងសមិទ្ធផលនានាដែលបានអភិវឌ្ឍន៍កន្លងមក និងត្រូវមានសាមគ្គីភាព ខ្មែរស្រឡាញ់ខ្មែរ ព្រោះមានសន្តិភាព សាមគ្គីភាព និងចេះស្រឡាញ់គ្នានេះហើយ ទើបធ្វើឱ្យកម្ពុជាយើងមានការអភិវឌ្ឍ និងទទួលបានជោគជ័យជាបន្តបន្ទាប់ ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាយើងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងជាទីមោទនភាព សម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស៕