(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យលោកស្រី ថេរេសា អំម៉ារែល ប៊ូអិ (Teresa Amarelle Boue) ប្រធានសហ័ន្ធនារីនៃសាធារណរដ្ឋគុយបា និងជាសមាជិកនៃការិយាល័យនយោបាយ និងក្រុមប្រឹក្សារដ្ឋ ដឹកនាំគណប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ លោកស្រី ថេរេសា អំម៉ារែល ប៊ូអិ បានថ្លែងកោតសសើរការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ និងពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់បក្ស និងរដ្ឋាភិបាលគុយបា ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយសេចក្តីនឹករលឹក។

ក្នុងជំនួបនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកស្រី ថេរេសា អំម៉ារែល ប៊ូអិ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះភាពល្អប្រសើរ នៃចំណងការទូត រវាងប្រទេសទាំងពីរ ក្នុងរយៈពេល ៦៣ឆ្នាំកន្លងទៅ ដែលបានរួមចំណែកធ្វើឲ្យទំនាក់ទំនងមិត្តភាព ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ សហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ កម្ពុជា-គុយបា ត្រូវបានពង្រឹងពង្រីកកាន់តែល្អប្រសើរថែមទៀត។ ជាពិសេស ពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងនារីកម្ពុជា និងនារីគុយបា តាមរយៈការធ្វើទស្សនកិច្ចផ្សេងៗ និងការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានជូនពរឲ្យគណៈប្រតិភូសាធារណរដ្ឋគុយបា ចំពោះទស្សនកិច្ចជាផ្លូវការនៅកម្ពុជា និងជូនពរដល់ប្រតិភូស្នាក់នៅប្រកបដោយផាសុខភាព និងត្រលប់ទៅកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព៕