(ភ្នំពេញ)៖ ស្ដ្រីជនជាតិចិនម្នាក់ ដែលត្រូវបានគេចែកចាយរូបភាពតាមបណ្ដាញសង្គម ដោយចោទប្រកាន់ថា នាងដើរចាប់ក្មេងក្នុងរាជធានីភ្នំពេញនោះ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ហើយបញ្ជូនទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ករណីបង្ហោះផ្អើលរឿងចាប់ក្មេងនៅក្នុងរាជធានីភ្នំពេញ ដែលបង្កឡើងដោយស្ដ្រីជនជាតិចិននោះ គឺជារឿងមិនពិតនោះឡើយ ហើយក៏គ្មានហេតុការណ៍ណាមួយកើតឡើងដែរ។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានគូសបញ្ជាក់ថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គមហ្វេសប៊ុកដែលជាផេក និងគណនីហ្វេសបុកក្លែងក្លាយមួយចំនួន ដែលបានធ្វើការផុស ព័ត៌មានមិនពិត មានលក្ខណ:ញុះញង់ បំភិតបំភ័យ ក្នុងគោលបំណងអាក្រក់បង្កឲ្យមានភាពអសន្តិសុខ វឹកវរដល់សង្គមជាតិ ថាមានករណីស្ត្រីជនជាតិចិនម្នាក់ ដើរចាប់ក្មេង តាមពិតជាក់ស្តែងករណីនេះមិនមែនជាការពិតនោះទេ។

បន្ទាប់ពីបានឃើញព័ត៌មាននៅតាមបណ្តាញសង្គម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានផ្សព្វផ្សាយដើម្បីសហការស្រាវជ្រាវរកការពិត រហូតដល់ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងជំនាញ នៃការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី​ នៃផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវនឹងនាំខ្លួនស្ត្រីជាជនជាតិចិន ដើម្បីយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ក្រោយសួរនាំស្ត្រីជនជាតិចិន បានបញ្ជាក់ថាបានវង្វេងបាត់កូនប្រុស នៅផ្សារធំថ្មី កាលពីថ្ងៃទី២០​ ខែមេសា ឆ្នាំ២០២៣។ ប្រធានផ្សារធំថ្មី បានឃើញក្មេងប្រុសម្នាក់អាយុប្រហែលជា៣ឆ្នាំ វង្វេងនៅផ្សារថ្មី រកឪពុកម្តាយមិនឃេីញ ទើបសមត្ថកិច្ចបានទាក់ទងទៅអង្គការមិត្តសំឡាញ់ ដើម្បីទទួលយកកូននោះទៅធ្វើការថែទាំ។

ដេីម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ មន្ត្រីជំនាញបានធ្វេីការខលទាក់ទងទៅម្តាយនៅប្រទេសចិន ដេីម្បីសុំការបំភ្លឺ ស្ត្រីជាម្តាយបានបញ្ជាក់ថា ស្ត្រីម្នាក់ និងក្មេងប្រុសនេះ ពិតកូនស្រី និងចៅប្រុសរបស់គាត់ ហេីយគាត់បានបញ្ជាក់បន្ថែមថា កូនស្រីរបស់គាត់ពិតជាមានបញ្ហាខួរក្បាលជាច្រេីនឆ្នាំមកហេីយ (ជំងឺសរសៃប្រសាទ) មានការភ្លេចភ្លាំង និងវង្វេង ជាញឹកញាប់។

ក្រោយសាកសួរចប់សមត្ថកិច្ចជំនាញ បានទាក់ទងរាយការណ៍ទៅកាន់ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏ដូចជារៀបចំឯកសារពាក់ព័ន្ធ អនុវត្តនីតិវិធីបន្ត បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការពីថ្នាក់ដឹកនាំ ដើម្បីបណ្តេញចេញពី​ព្រះរាជាណា​ចក្រ​កម្ពុជា៕