(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យលោក កាវ ជាន (Gao Jian) ប្រធានក្រុមប្រឹក្សាភិបាល សមាគមកម្ពុជា-ចិន ដើម្បីផ្លាស់ប្តូរការអប់រំ (CCEEA) ដឹកនាំគណ:ប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ លោក កាវ ជាន បានថ្លែងកោតសសើរ ចំពោះការអភិវឌ្ឍឆាប់រហ័សរបស់ព្រះជាណាចក្រកម្ពជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ និងពាំនាំនូវការសាកសួរសុខទុកពីសំណាក់បក្ស និងរដ្ឋាភិបាលចិន ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយសេចក្តីនឹករលឹក។

លោក កាវ ជាន ក៏បានបង្ហាញអំពីបំណងរបស់លោក ក្នុងការបង្កើតសាកលវិទ្យាល័យបច្ចេកទេសមួយ ផ្នែកវិទ្យាសាស្ត្រ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលកម្ពុជា-ចិន។ សាកលវិទ្យាល័យនេះ នឹងផ្តល់ឱកាសប្រទេសទាំងពីរបានស្វែងយល់កាន់តែច្បាស់លើវិស័យសិក្សាធិការ និងវិស័យវិទ្យាសាស្ត្រ និងបានបង្កើននូវបច្ចេកទេសក្នុងការសិក្សាស្រាវជ្រាវបានថែមមួយកម្រិតទៀត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ចំណងមិត្តភាព កម្ពុជា-ចិន គឺជាមិត្តដែកថែប ប្រទេសទាំងពីរបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ចិន រួមទាំងគំនិតផ្តួចផ្តើមលើគោលការណ៍ ផ្លូវនិងខ្សែក្រវាត់ របស់លោកប្រធានាធិបតី ស៉ី ជិនពីង ឲ្យទទួលបានជោគជ័យឡើងដល់បំណុចកំពូលថ្មីៗជានិច្ច។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តទៀតថា ចំពោះគម្រោងបង្កើតសកលវិទ្យាល័យបច្ចេកទេស គឺសម្តេចមានការគាំទ្រយ៉ាងពេញទំហំ ចំពោះគំនិតផ្តួចផ្តើមនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជម្រាបជូន លោក កាវ ជាន ត្រូវធ្វើសំណើរទៅកាន់ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងយុវជននិងកីឡា ដើម្បីពិភាក្សាលើគម្រោងនេះឲ្យបានស៉ីជម្រៅបន្ថែមទៀត៕