(កំពត)៖ «៤៤ឆ្នាំ ក្រោយរបបខ្មែរក្រហមដួលរំលំ ប្រជាពលរដ្ឋខ្មែរនៅតែចងចាំជានិច្ចនូវអំពើសាហាវឃោរឃៅយង់ឃ្នងដែលខ្មែរក្រហមបានប្រព្រឹត្តមកលើជាតិ និងប្រជាជនកម្ពុជា, ការកាប់សម្លាប់, ការជម្លៀសប្រជាពលរដ្ឋចេញពីផ្ទះសម្បែង, ការបង្ខំឱ្យធ្វើការងារយ៉ាងទម្ងន់រួមនឹងអំពើអមនុស្សធម៌ផ្សេងៗទៀត។ ការចងចាំនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យរបបសាហាវឃោរឃៅនេះកើតឡើងសាជាថ្មីនៅលើទឹកដីកម្ពុជា។ កម្ពុជាដែលបច្ចុប្បន្ននេះរស់ និងរីកចម្រើនក្រោមដំបូលសុខសន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី»

នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសនៃការប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដោយមានការអញ្ជើញចូលរួមពីលោក​ អ៉ឹង ឆាយ អភិបាលរងខេត្តកំពត លោក លោកស្រីថ្នាក់ដឹកនាំក្រុងបូកគោ ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបជាង ៤០០ នាក់ក្នុងបរិវេណវត្តដួងកែវ ហៅវត្តរកា ក្រុងបូកគោ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ទិវាជាតិនៃការចងចាំ គឺជាបុណ្យជាតិត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីរំឭក និងចងចាំជានិច្ចនូវអំពើឃោរឃៅព្រៃផ្សៃរបស់ខ្មែរក្រហម មកលើប្រជាពលរដ្ឋកម្ពុជា, ដើម្បីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហម, ដើម្បីស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះទោះជានៅរស់ ឬក៏បានបាត់បង់ជីវិតក្តី, ដើម្បីប៉ះប៉ូវដល់ការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ។ ទិវាជាតិនៃការចងចាំបានចូលរួមក្នុងការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពជាប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់ និងបង្ការកុំឱ្យកើតមានឡើងសាជាថ្មីនូវរបបខ្មែរក្រហម។

លោករដ្ឋលេខាធិការបានថ្លែងថា៖ «យើងខ្ញុំជាប្រជាពលរដ្ឋខ្មែរសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកជីវិតធ្វើជាដើមទុន លះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិ និងមាតុភូមិកម្ពុជា សង្គ្រោះជាតិ និងប្រជាជន នាំយកសុខសន្តិភាពពេញលេញជូនជាតិ និងបានផ្តួចផ្តើមគំនិតក្នុងការបង្កើតតុលាការដើម្បីជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នាំយកយុត្តិធម៌ និងការពិតជូនជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត និងអ្នកដែលកំពុងរស់រានមានជីវិត ក៏ដូចជាការពង្រឹង និងថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិការផ្សះផ្សាជាតិ និងការអភិវឌ្ឍសង្គមកម្ពុជាឱ្យបានរឹងមាំស្ថិតស្ថេរជាយូរអង្វែង»

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ប្រវត្តិសាស្ត្រ និងប្រជាជនកម្ពុជាចងចាំថា ជាតិ និងប្រជាជនកម្ពុជាត្រូវបានសង្គ្រោះពីរណ្តៅមរណរបស់ខ្មែរក្រហម ដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលយកជីវិតធ្វើជាដើមទុន ហើយចងចាំថារបបខ្មែរក្រហមត្រូវបានបញ្ចប់ទាំងស្រុងទាំងផ្នែកយោធានយោបាយដោយនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាមនាំយកសន្តិភាពពេញលេញ និងនាំយកយុត្តិធម៌ជូនពលរដ្ឋខ្មែរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន។

លោក នេត្រ ភក្ត្រា បានបន្តថា ប្រជាពលរដ្ឋខ្មែរគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត និងប្តេជ្ញាការពារឱ្យបានសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាកនេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»៕