(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយទន្លេបាសាក់ (ផ្លូវជាតិ២១A) ក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ និងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានដាក់លិខិតស្នើសូម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អន្តរាគមន៍បិទអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ និងបញ្ឈប់ប្រតិបត្តិការបូមខ្សាច់ទាំងអស់ ដោយសារបង្កឲ្យបាក់ស្រុតផ្ទះប្រជាពលរដ្ឋមួយចំនួន និងបង្ករការខូចខាតផ្លូវជាតិ២១A យ៉ាងធ្ងន់ធ្ងរ។

យោងតាមលិខិតដែលបណ្តាញ Fresh News ទទួលបាន ប្រជាពលរដ្ឋបានលើកឡើងថា ទាំងពេលកន្លងមក និងពេលបច្ចុប្បន្ន នៅតាមបណ្តោយទន្លេបាសាក់ (ផ្លូវជាតិ២១A) មានសកម្មភាពបូមខ្សាច់ទន្លេយ៉ាងសកម្ម ពាសពេញលើផ្ទៃទឹកទាំងពេលថ្ងៃ និងពេលយប់ រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសបង្កឲ្យបាក់ស្រុតផ្ទះប្រជាពលរដ្ឋមួយចំនួន និងបង្ករការខូចខាតផ្លូវជាតិ២១A យ៉ាងធ្ងន់ធ្ងរដោយសារតែការដឹកជញ្ជូនខ្សាច់ឥតឈប់ឈរ។ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋបានដាក់ពាក្យតវ៉ាចូលទៅរដ្ឋបាលក្រុងតាខ្មៅ តាមរយៈលោកចៅសង្កាត់ ដើម្បីរកដំណោះស្រាយ ប៉ុន្តែនៅពុំទាន់បានលទ្ធផលនៅឡើយ។

ប្រជាពលរដ្ឋ បានបន្តក្នុងលិខិតថា សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់! ដើម្បីទប់ស្កាត់ការបំផ្លាញផ្លូវលេខ២១A និងការបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋ ដែលអាចកើតមានធ្ងន់ធ្ងរ ដូចករណីនៅផ្សារស្អាងព្រែកតូច ដោយសារតែការធ្វើប្រតិបត្តិការបូមខ្សាច់នេះ យើងខ្ញុំសូមគោរពស្នើសូមអន្តរាគមន៍ដូចខាងក្រោម៖

១៖ មេត្តាអន្តរាគមន៍ទៅរដ្ឋបាលខេត្តកណ្តាល បិទអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ និងបញ្ឈប់ប្រតិបត្តិការបូមខ្សាច់ទាំងអស់ នៅតាមបណ្តោយទន្លេបាសាក់ (ផ្លូវជាតិ២១A)
២៖ ស្នើឲ្យសងនូវការខូចខាតការបាក់ដី ឬផ្ទះរបស់ប្រជាពលរដ្ឋរងគ្រោះតាមជាក់ស្តែង
៣៖ ស្នើឲ្យក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម ធ្វើការជួសជុលផ្លូវជាត២១A ឲ្យបានស្អាតដូចដើម៕