(កំពង់ចាម)៖ នៅចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនដល់ប្រជាជនបានចំនួន៣០២០នាក់ សរុបជំងឺ ៥,៨១៣ករណី នឹងបានបញ្ជូនមកព្យាបាលបន្ត៧៩នាក់ ដោយមានការចូលរួមពីអាជ្ញាធរភូមិឃុំ ស្រុកខេត្ត យុវជន ស.ស.យ.ក យុវជន អ.ម.ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធជាតិ និងផ្នែកដែលពាក់ព័ទ្ធផ្សេងៗទៀត ស្ថិតក្នុងបរិវេណបឋម-អនុវិទ្យាល័យ ទូរ៉ី នៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្ម TYDA បានថ្លែងថា តាងនាមឲ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិតជាសប្បាយរីករាយដែលបានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋលោកតាលោកយាយបងប្អូន និងក្មួយៗកុមារា កុមារីនាឱកាសនេះ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី លោកតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ដោយមានការមមាញឹក និងកិច្ចការងារច្រើន លោកបណ្ឌិត និងលោកស្រី បានផ្តាំផ្ញើតាមរយៈលោកឲ្យក្រុមការងារជួយយកចិត្តទុកដាក់ នៅក្នុងការពិនិត្យព្យាបាលជំងឺជូន ដល់លោកតាលោកយាយបងប្អូនទាំងអស់គ្នា ដោយការទទួលខុសត្រូវប្រកបដោយប្រសិទ្ធិភាពខ្ពស់។

លោកវេជ្ជបណ្ឌិតបន្តទៀតថា គោលបំណងធំរបស់ (TYDA) គឺចូលរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ និងដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសទីជនបទដាច់ស្រយាលនានា ព្រមទាំងចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ក៏ដូចជាបានផ្តល់ឱកាសដល់ប្អូនៗនិស្សិត និងយុវជនស្មគ្រ័ចិត្តដ៏ទៃទៀត ឲ្យបានចូលរួមចំណែកបំរើការងារមនុស្សធម៌ដល់សង្គមជាតិផងដែរ។

លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វ័យតខេត្តព្រះសីហនុ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានថ្លែងថា ក្នុងនាមលោកផ្ទាល់ និងជំនួសមុខឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅ សុខភាពមាត់ធ្មេញ ពិនិត្យផ្ទៃពោះជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ និងបងប្អូនកម្មករ កម្មការីនីរោងចក្រ នាឱកាសដ៏វិសេសវិសាលនេះ។

លោកបានបន្តទៀតថា ក្នុងនាមប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមទាំងមូល សូមសំណូមពរដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោបន្តចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជាបន្តបន្ទាប់ទៀត។

តាមរបាយការណ៍ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលជំងឺទាំងអស់មានចំនួន ៣០២០នាក់ ស្មើនឹង ៥៨១៣ ករណី ដោយក្នុងនោះមានជំងឺបញ្ជូនទៅព្យាបាលបន្តមាន ៧៩ ករណី៕