(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធាន ឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកមុខកំពូល ខេត្តកណ្តាល ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា និងសមិទ្ធផលនានា ស្ថិតនៅក្នុងសាលាបឋមសិក្សារកាកោង ស្ថិតក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

អគារសិក្សា និងសមិទ្ធផលទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលរួមមាន៖ អគារសិក្សាចំនួន ០២ខ្នង មាន ១៧បន្ទប់ អគារទីចាត់ការ ០១ខ្នង ខ្លោងទ្វារ ដងទង់ជាតិ បង្គន់អនាម័យ កន្លែងលាងដៃ ផ្លូវបេតុងក្នុងទីធ្លាសាលា ០៤ខ្សែ ប្រវែង ១,១៨២ម៉ែត្រ និងរបងប្រវែង ១៥៨ ម៉ែត្រ។

លោក វង្សី វិស្សុត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ឃុំរកោកោងទី១ ស្រុកមុខកំពូលទាំងអស់។

លោក វង្សី វិស្សុត បានថ្លែងថា ក្រៅពីអគារសិក្សា និងសមិទ្ធផលនានា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ, ឃុំរកាកោងទី១ នៃស្រុកមុខកំពូលរបស់យើង ក៏ទទួលបាននូវ សមិទ្ធផលជាច្រើនផ្សេងទៀតផងដែរ ដូចជា៖ ផ្លូវកៅស៊ូ, ផ្លូវបេតុង, ផ្លូវក្រាលគ្រួសក្រហម, ស្ពាន, ប្រឡាយ, សាលារៀន, មន្ទីរពេទ្យ និងគម្រោងការពារច្រាំងទន្លេជាដើម។

សមិទ្ធផលទាំងនេះ បាននិងកំពុងធ្វើឱ្យមូលដ្ឋានស្រុកមុខកំពូល របស់យើង ក៏ដូចនៅក្នុងក្របខណ្ឌ ទូទាំងប្រទេសទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ហើយបងប្អូនប្រជាពលរដ្ឋ យើងកាន់តែមានជីវភាពធូរធារជាងមុនជាលំដាប់ ដែលឆ្លុះបញ្ចាំង ឱ្យឃើញតាមរយៈស្នាមញញឹម, របស់របរនិងមធ្យោបាយប្រើប្រាស់, ការស្លៀកពាក់ និងការហូបចុកជាដើម ពោលគឺ មិនមែនកាន់តែក្រទៅៗ ដូចមជ្ឈដ្ឋានអគតិផ្កាប់មុខ មួយចំនួនចេះតែលើកឡើងដោយឥតអៀនខ្មាសនោះទេ។

លោក វង្សី វិស្សុត បានលើកឡើងផងដែរ អំពីការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ជាពិសេសអំពី ជោគជ័យដ៏ធំធេង នៅក្នុងការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ និងការខិតខំរកវ៉ាក់សាំង ចាក់ជូនប្រជាជន ដោយឥតគិតគិថ្លៃ ព្រមទាំងការគ្រប់គ្រង ផលប៉ះពាល់ អវិជ្ជមាន នៃជំងឺនេះ មកលើសេដ្ឋកិច្ច និង សង្គមកម្ពុជាបានយ៉ាងល្អ ពិសេសការរក្សាលំនឹង ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជន តាមរយៈការផ្តល់ការឧបត្ថម្ភជាសាច់ប្រាក់ ដល់ប្រជាពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះ។

លោកបានបន្តថា ឈរលើមូលដ្ឋាន នៃភាពជោគជ័យខាងលើនេះ បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជាកំពុង ស្ថិតនៅលើគន្លង នៃកំណើនខ្ពស់ឡើងវិញ ហើយរាជរដ្ឋាភិបាល បាននិងកំពុងផ្តោត ការយកចិត្តដាក់ក្នុងការដោះស្រាយបញ្ហាជីវភាព និងការលំបាករបស់ប្រជាជន ក៏ដូចជាបញ្ហាអយុត្តិធម៌សង្គមផ្សេងៗ។ ទន្ទឹមនេះ ការដាក់ចេញ នូវគោលនយោបាយ ការបរទេសដ៏ឆ្លាតវៃ និងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូល អាស៊ាន ប្រកបដោយភាពជោគជ័យ ពិសេសការ ធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡា ស៊ីហ្កេមនាពេលថ្មីៗនេះ គឺបានធ្វើឱ្យពិភពលោក ស្គាល់កម្ពុជាកាន់តែច្បាស់ និងបានជួយលើកមុខមាត់ប្រទេសកម្ពុជា យើងឱ្យកាន់តែខ្ពស់ត្រដែតនៅលើឆាកតំបន់ និងអន្តរជាតិ។ លោកបានបន្តថា នេះ គឺមោទនភាពជាតិខ្មែរដ៏ខ្ពស់បំផុត មិនធ្លាប់មានពីមុនមក។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា ពេលនេះ គឺជាចំណុចខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្តជាង ៥០០ឆ្នាំរបស់កម្ពុជា ដែលខ្មែរយើងមានការរួបរួមគ្នា, ឯកភាពជាតិ, សន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន។ លោកបន្តថា នេះ គឺជាការងើបឡើងវិញនៃប្រជាជាតិមួយ ដែលធ្លាប់មានអារ្យធម៌រុងរឿង នៅអាស៊ីអាគ្នេយ៍។ ដូចនេះ បងប្អូនខ្មែរយើងគ្រប់រូប រួមទាំងអ្នកនៅក្រៅប្រទេស ត្រូវបន្តរួបរួមគ្នា និងបន្តផ្តល់ការគាំទ្រ និងទំនុកចិត្តដល់គណបក្ស ប្រជាជនកម្ពុជា ដើម្បីការពារ និងថែរសក្សាសន្តិភាព និងឯកភាពជាតិ ក៏ដូចជាសមិទ្ធផលអភិវឌ្ឍន៍លើគ្រប់វិស័យ និងដើម្បីបន្តកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ របស់យើងឱ្យកាន់តែរុងរឿង និងថ្កើនថ្កានតទៅថ្ងៃមុខទៀត។

ទន្ទឹមនេះ ខ្មែរយើងគ្រប់រូប ក៏ត្រូវមានកាតព្វកិច្ច លើកតម្កើងតំលៃ នៃជាតិខ្មែរ ដែលជាព្រលឹងជាតិយើងឱ្យបានរុងរឿង ជាថ្មីឡើងតាមសាវតាផងដែរ ។ លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា អំពីភាពចាំបាច់ នៃការអភិវឌ្ឍមូលធនមនុស្ស នៅដំណើរការអភិវឌ្ឍកម្ពុជា នៅក្នុងរយៈពេល ២០ឆ្នាំ តទៅមុខទៀត។ លោកបានបន្តថា ការអភិវឌ្ឍមូលធនមនុស្សនេះ មិនសំដៅ តែទៅលើការអប់រំ, ចំណេះដឹង និងជំនាញប៉ុណ្ណោះទេ តែក៏ត្រូវផ្តោតផងដែរ ទៅលើផ្នែកគុណតម្លៃ, សីលធម៌, គុណធម៌, វិន័យ, ការបណ្តុះឆន្ទៈ សេ្នហាជាតិ ស្រលាញ់យុត្តិធម៌ និងប្រជាជនជាដើម។

នៅក្នុងឱកាសនោះ ដែរ ដោយមានសំណូមពរ ពីសំណាក់លោកគ្រូ-អ្នកគ្រូ និងមាតាបិតាអាណាព្យាបាលសិស្ស លោក វង្សី វិស្សុត បានប្រកាសជួយ សាងសង់បង្ហើយរបងសាលា និងប្រគល់ម៉ាស៊ីនកុំព្យូរទ័រចំនួន ១ គ្រឿង និងទទួលយកសំណើ ជួសជុលខឿនការពារច្រាំងទន្លេទៅសិក្សាបន្ថែម ព្រមទាំងផ្តល់ថវិកាឧបត្ថម្ភ ដល់សាលាស្រុកមុខកំពូល សាលាឃុំរកាកោងទី១ មន្រ្តីកង់កម្លាំងទំាងបី និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលចូលរួមផងដែរ។

តាងនាមជួសមុខឱ្យប្រជាពលរដ្ឋ ទូទាំងស្រុកមុខកំពូល លោក យី យ៉េន អភិបាលស្រុកមុខកំពូល សូមសំដែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះគុណូបក្ការៈរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និង សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលកន្លងមក បានជួយកសាងនូវសមិទ្ធផលនានាជាច្រើន ជូនប្រជាពលរដ្ឋនៅស្រុកមុខកំពូល និងតែងតែឆ្លើយតបនូវតម្រូវការ របស់ប្រជាពលរដ្ឋគ្រប់ពេល។ បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកមុខកំពូល សូមប្រកាសគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី បន្តវេននាពេលអនាគត៕