(ព្រះសីហនុ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋ៨៥គ្រួសារដែលមានជីវភាពក្រីក្រ ស្ថិតនៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចាត់តាំងឲ្យលោក សៅ បុរីវឌ្ឍនៈ ប្រធានគណៈកម្មាធិការអនុសាខាស្រុកស្ទឹងហាវ និងលោក ប៊ូ វឌ្ឍនា រួមទាំងលោក គាំ សុខុម នាយកសាខា មន្រ្តីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត ហើយពិធីនេះបានរៀបចំធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ លោក សៅ បុរីវឌ្ឍនៈ និងលោក ប៊ូ វឌ្ឍនា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិតអាសូរក្រៃលែងពីសំណាក់លោក គួច ចំរើន ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋក្រីក្រ ដោយតាមរយៈការរៀបចំសំណើស្នើសុំពីអាជ្ញាធរជាក់ស្តែងលើគ្រួសារក្រីក្រខ្វះខាតជីវភាព ដូចនេះហើយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បើនាំយកអំណោយមនុស្សធម៌មកចែកជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងថ្ងៃនេះ ដោយក្តីនឹករលឹកពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

លោក សៅ បុរីវឌ្ឍនៈ ក៏អំពាវនាវដល់ក្រុមគ្រួសារប្រជាពលរដ្ឋទាំងអស់ចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ហើយម្យ៉ាងវិញទៀតសូមប្រជាពលរដ្ឋទាំងអស់ត្រូវមានអនាម័យជាប្រចាំ ពិសេសត្រូវពិសារទឹកដែលដាំឆ្អិន រួមទាំងសម្អាតបរិស្ថានជុំវិញលំនៅឋានរបស់ពលរដ្ឋឱ្យបានស្អាតជានិច្ច។

សូមបញ្ជាក់ថា ការនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រដោយក្នុងមួយគ្រួសារទទួលបាន៖
អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី២យួរ ត្រីខ១យួរ ទឹកសុទ្ធ១កេស កន្ទេល១ ឃីតចំនួន១ ក្នុងនោះមានក្រមា១ មុង១ សារុង១ ភួយ១ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕