(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកពង់ធំ និងលោក ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានអញ្ជើញចូលរួម ក្នុងពីធីទិវាជាតិនៃការចងចាំ ដែលប្រារព្ធធ្វើឡើងនៅទីរួមស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។  
លោក ឃឹង នុភាព បានអំពាវនាវប្រជាពលរដ្ឋគ្រប់រូបត្រូវសិក្សាពីប្រវត្តិសាស្ត្រឲ្យបានច្បាស់លាស់ ជាពិសេសគឺប្រវត្តិសាស្រ្តរបស់របបវាលពិឃាត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដ៏ឃោរឃៅដែលរបប ប៉ុល ពត ខ្មៅយង់ឃ្នងបានបង្កវិនាសកម្ម និងនាំទុក្ខលំបាកវេទនាគ្រប់បែបយ៉ាង ដូចជា ការបង្អត់អាហារមិនឲ្យមានការបរិភោគគ្រប់គ្រាន់ ធ្វើការងារធ្ងន់ធ្ងរលើសកម្លាំង ការធ្វើទារុណកម្មគ្រប់បែបយ៉ាង ការសំលាប់រង្គាលមិនរើសមុខមកលើប្រជាជនខ្លួនឯង ការលុបបំបាត់សាសនា ការបំបិទសិទ្ធិសិរីភាពគ្រប់បែបយ៉ងមកលើប្រជាជន និងជាតិកម្ពុជាដែលមិនអាចបំភ្លេចបាន ត្រូវថែរក្សាសន្តិភាពឱ្យបានគង់វង្ស និងការពារដាច់ខាតមិនឲ្យរបបអាវខ្មៅវិលត្រឡប់ សារជាថ្មីមកនៅក្នុងទឹកដីកម្ពុជាតទៅទៀតទេ។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកសន្តិភាពជូនជាតិកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន និងជួយនាំឲ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយសុទិដ្ឋិនិយមនេះ មានលេចឡើងនូវអ្នកនយោបាយអគតិមួយចំនួន បានឃោសនាមូលបង្កាច់អត្ថន័យដ៏ធំធេង នៃជ័យជំនះជាប្រវត្តិសាស្ត្រ ៧ មករា មួលបង្កាច់អន្តរាគមន៍ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះមាតុភូមិយើង ថាជាការឈ្លានពានមកលើអធិបតេយ្យជាតិ នៃកម្ពុជាទៅវិញ គឺពួកគេចង់ឲ្យពូជសាសន៍កម្ពុជាយើងរលាយបាត់ក្នុងរបប ប៉ុល ពត ទើបបានជាគេមួលបង្កាច់បញ្ហា ស្មុគស្មាញមានជាបន្តបន្ទាប់ដល់សង្គមជាតិ សូម្បីក្នុងដំណាក់កាលដែលប្រទេសជាតិកំពុងប្រឈមមុខនឹងមហិច្ឆតា ឈ្លានពានពីសំណាក់មជ្ឈដ្ឋានអ្នកវង្វេងប្រត្តិសាស្ត្រក៏ដោយ។

លោកបានបន្តថា ពួកគេឈ្លក់វង្វេងចង់បានអំណាចរហូតភ្លេចគិតពីវាសនារបស់ប្រទេសជាតិ និងប្រជាជនបែរជាមើលស្រាលចំពោះប្រជាជន មើលស្រាលចំពោះពលិកម្មរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការរស់ឡើងវិញ និងការរីកចម្រើនរបស់ប្រទេសជាតិ និងប្រជាជនយើង។ លោកសូមឲ្យប្រជាជនកម្ពុជាគ្រប់រូប ត្រូវមានការចងចាំជានិច្ចនូវអំពើយង់ឃ្នង របស់បនប្រល័យពូជសាសន៍ខ្មែរក្រហម ហើយមិនត្រូវជឿលើបុគ្គលអគតិភ្លេចជាតិកំណើតមួយចំនួន ដែលបានបំភ្លៃ ការពិត និងប្រវត្តិសាស្រ្តហើយប៉ុនប៉ងបង្កអសន្តិសុខផ្សេងៗមកលើប្រទេសជាតិយើងជាដាច់ខាត។

ជាចុងបញ្ចប់លោក ឃឹង នុភាព បានអំពាវនាវដល់ប្រជាជនកម្ពុជាឲ្យអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ជាប្រវត្តិសាសន៍ឲ្យបានគ្រប់ៗគ្នាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះកុំបីខាន