(ភ្នំពេញ)៖ រដ្ឋាភិបាលសាធាររដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានផ្តល់ជំនួយបរិក្ខារវេជ្ជសាស្រ្តផ្នែកជំងឺភ្នែកទំនើប តម្លៃជិត ១១ម៉ឺនដុល្លារ ដល់មនី្ទរពេទ្យកុមារជាតិ ដើម្បីលើកកម្ពស់សុខភាពភ្នែក ដល់ទារកនិងកុមារកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ នាមន្ទីរពេទ្យកុមារជាតិ ក្រោមវត្ដមានលោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងតំណាងខាង KOICA ផងដែរ។

លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បានថ្លែងថា សម្ភារៈបរិក្ខារវេជ្ជសាស្រ្តផ្នែកជំងឺភ្នែកនេះ មានតម្លៃប្រមាណជិត ១១ម៉ឺនដុល្លារ ជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់ពិនិត្យព្យាបាលជំងឺជូនទារកទើបនឹងកើតភ្លាមៗដែលមានបញ្ហា និងកុមាររហូតដល់មនុស្សពេញវ័យ ។

លោកសាស្ត្រាចារ្យបានបន្តថា តាមរយៈសម្ភារៈបរិក្ខារវេជ្ជសាស្រ្តផ្នែកជំងឺភ្នែកនេះ មនី្ទរពេទ្យកុមារជាតិនឹងបើកដំណើរការពិនិត្យ ព្យាបាលជំងឺភ្នែក សម្រាប់ទារក កុមារ ក៏ដូចជាមនុស្សចាស់ ដើម្បីលើកកម្ពស់សុខភាពភ្នែក ដល់ទារកនិងកុមារកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកសាស្ត្រាចារ្យបានបន្តទៀតថា សម្ភារៈនេះមានសារៈសំខាន់សម្រាប់ពិនិត្យមើលភ្នែកទារកទើបនឹងកើតភ្លាមៗដែលមានបញ្ហា ពិសេសទាកកើតមិនគ្រប់ខែ ដែលភាគច្រើនមានបញ្ហាជំងឺបាតភ្នែក។ លោកបន្ដថា «កន្លងមកយើងបានជួបបញ្ហាជំងឺបាតភ្នែកទៅលើទារកទើបនឹងកើត បញ្ហាប្រឈមយើងគឺលំបាកក្នុងការស្វែងកន្លែងផ្តល់សេវា បានបើមានក៏ត្រូវបញ្ជួនទៅឆ្ងាយដែរ ដូច្នេះនេះជាការអភវឌ្ឍន៍ថ្មីមួយទៀត របស់មន្ទីពេទ្យកុមារជាតិយើង»

លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា «នៅពេលមន្ទីរពេទ្យបើកដំណើរការសេវាព្យាបាលជំងឺភ្នែកកុមារ នឹងជួយដល់ទារកនិងកុមារ ពិសេសទារកកើតមកមិនគ្រប់ខែ ដែលមានបញ្ហាជំងឺបាតភ្នែក ឱ្យទទួលបានការព្យាបាលមួយប្រកបដោយប្រសិទ្ធភាព ចៀសផុតពីពិការភាព។ ក្រៅពីនេះក៏មានឧបករណ៍ទំនើបៗផ្សេងៗទៀតសម្រាប់ឆ្លុះ និងវ៉ាស់ភ្នែកស្រលៀង ក៏ដូចជាទារក ឬកុមារមានបញ្ហាកែវភ្នែក​ និងផ្តល់សេវាព្យាបាលព្រមទាំងវះកាត់តូចៗផងដែរ»

តាមគម្រោងមន្ទីរពេទ្យនឹងបើកដំណើរការផ្ដល់សេវាព្យាបាលភ្នែកកុមារនេះ បណ្តើរៗសិន នៅក្នុងឆ្នាំ២០២៣នេះ ហើយបន្ទាប់ពីមន្ទីរពេទ្យទទួលបានបរិក្ខាពេទ្យទំនើបៗនេះពីអង្គការកយកាហើយ នៅខែក្រោយនេះមន្ទីរពេទ្យនឹងបញ្ជួនបុគ្គលិកជំនាញភ្នែកនេះទៅបន្តការសិក្សារយៈពេល១ខែកន្លះនៅសាធាររណរដ្ឋកូរ៉េ ដើម្បីសិក្សាបន្ថែមពីបច្ចេកទេសថ្មីៗនៃការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក ដល់ទារកនិងកុមារប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកសាស្ត្រាចារ្យបានឱ្យដឹងទៀតថាជំនួយរបស់អង្គការកយកានេះក៏ជាផ្នែកមួយនៃគម្រោងរបស់រដ្ឋាភិបាលកូរ៉េដែលនឹងជួយសាងសង់អគារកម្ពស់ ៥ជាន់ទំហំជាង៨៣០០ម៉ែត្រការ៉េ ដែលគ្រោងនឹងសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៤ និងបញ្ចប់រយៈពេល៣ ទៅ៣ឆ្នាំកន្លះខាងមុខនេះ ដោយចំណាយថវិកាប្រមាណ ១៦លានដុល្លារ។

លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា នៅពេលអគារថ្មីសាងសង់រួចរាល់សេវាព្យាបាលជំងឺភ្នែកកុមារ នឹងលើកទៅដាក់នៅអគារនោះដោយមានបំពាក់សម្ភារៈបរិក្ខាពេទ្យទំនើបបន្ថែមទៀត សម្រាប់បម្រើដល់ការព្យាបាលជំងឺភ្នែកទូទៅ វះកាត់ជំងឺភ្នែក៕