(ស្វាយេរៀង)៖ ដោយមានការចង្អុលបង្ហាញពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី តាមររយៈលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ បាននាំយកអំណោយថ្នាំពេទ្យ និងចុះពិនិត្យព្យាបាលជំងឺ ចែកឱសថដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៥៣៤នាក់ ស្រ្តី ៣២៧នាក់ នៅវត្តព្រៃឆ្លាក់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះមានការចូលរួមពីលោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមការងារទី១ ចុះជួយក្រុងស្វាយរៀង និងលោកបណ្ឌិត កែ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ថ្នាក់កណ្តាល, លោក ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង,លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង,លោក យូ ប៊ុន្នី ប្រធានក្រុមប្រឹក្សាក្រុង លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង។

ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង បានថ្លែងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង មានចំនួន ២២៥នាក់ តែងតែចុះពិនិត្យ ព្យាបាលជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងខេត្តស្វាយរៀងចំនួន ៣៤លើក ពិនិត្យព្យាបាលប្រជាពលរដ្ឋ ១៥,៧៨៧នាក់ និងចូលរួមពិនិត្យព្យាបាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រ លោក ហ៊ុន ម៉ានី ថ្នាក់កណ្តាលនៅតាមបណ្ដាខេត្តជាច្រើនលើកផងដែរ។

លោកបណ្ឌិត កែ រដ្ឋា បានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីលោក ហ៊ុន ម៉ានី ជូនចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង ដែលកំពុងស្ម័គ្រចិត្តបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី១ ដល់ ដូសទី៧ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។

លោកបណ្ឌិបានបន្តថា កាលពីមុនអ្នកជំងឺពេលឈឺរត់ទៅរកពេទ្យ ប៉ុន្តែសម័យតេជោ ពេទ្យរត់ទៅរកអ្នកជំងឺវិញ និងបង្កើតមន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពដល់តំបន់ដាច់ស្រយាល និងព្យាបាលប្រជាពលរដ្ឋក្រីក្រដោយមិនគិតថ្លៃតាមរយៈមូលនិធិសមធម៌របស់រាជរដ្ឋាភិបាល និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត។

ជាមួយគ្នានេះ លោក ជុក មុន្នី បានថ្លែងថា ប្រជាពលរដ្ឋមានសុខសន្តិភាព និងការអភិវឌ្ឍ គឺក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្តេចតេជោតែងតែគិតគូរពីសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាចម្បង។

បន្ថែមលើសពីនេះ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងពេលអអនាគតផងដែរ៕