(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងលោកចៅសង្កាត់សំរោង បានបន្តចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន ៥០គ្រួសារ ស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងពិធីសំណេះសំណាល ដែលជាការបង្ហាញខ្លួនក្នុងនាមជាថ្នាក់ដឹកនាំខណ្ឌនេះ លោក ធឹម សំអាន ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ជាមួយគ្នានោះលោកអភិបាលខណ្ឌ បានជំរាបជូនប្រជាពលរដ្ឋ អំពីការអភិវឌ្ឍ និងការរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ឋរបស់ប្រទេសជាតិ ពិសេសរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នៅក្នុងឱកាសនោះ លោក ធឹម សំអាន ក៏បានជំរាបជូនប្រជាពលរដ្ឋផងដែរថា រូបលោក និងមន្ត្រីខណ្ឌ គឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ដូច្នេះបើប្រជាពលរដ្ឋជួបបញ្ហាលំបាក ឬបញ្ហាប្រឈមណាមួយ សូមអញ្ជើញទៅតាមសាលាសង្កាត់ ឬតាមស្នាក់ការភូមិ ឬស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលនៅជិតៗផ្ទះ ដើម្បីអាជ្ញាធរដោះស្រាយជូនភ្លាមៗ។

ជាមួយគ្នានោះ លោកអភិបាលខណ្ឌ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លើងទៀន ភ្លើងធូប ចង្ក្រានហ្គាស់ ប្រព័ន្ធខ្សែភ្លើងនៅក្នុងផ្ទះ ត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់បំផុត មុននិងចេញពីផ្ទះ បង្កាខ្លាចកើតមានគ្រោះភ័យ។

ជាមួយគ្នានោះ លោក ធឹម សំអាន ក៏បានណែនាំប្រជាពលរដ្ឋ រស់នៅស្អាត ផឹកស្អាត និងចូលរួមថែរក្សាអនាម័យ បរិស្ថាន ព្រមទាំងបន្តចូលរួមអនុវត្តន៍ នូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីថែរក្សាសុខភាព។

អំណោយដែលអភិបាលខណ្ឌព្រែកព្នៅ យកទៅចែកជូន ប្រជាពលរដ្ឋ ទាំង៥០គ្រួសារ នាពេលនេះ រួមមាន ៖ អង្ករ ២៥គីឡូ, ទឹកត្រី ១យួរ ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនមុខទៀត៕