(ភ្នំពេញ)៖ គ្រប់អ្នកជំងឺ តែងប្រាថ្នាចង់បានមន្ទីរពេទ្យដែលល្អ និងទំនើបកម្រិតព្យា​បាលមានគុណភាពខ្ពស់។ ដោយចង់ឱ្យប្រជាពលរដ្ឋទទួលបាននូវសេវាព្យាបាល​ដែល​ល្អនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែប្រឹងប្រែងលើកកម្ពស់គុណភាពព្យាបាលនៅតាមមន្ទីរពេទ្យនានា បន្ទាប់ពី​ដំណាក់កាលពង្រាយមន្ទីរពេទ្យទៅតាមខេត្ត ស្រុក និងមណ្ឌលសុខសភាពនៅតាម​ឃុំ។

នៅព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ អគារព្យាបាលកម្រិតអន្តរជាតិដ៏ថ្មីសន្លាងមួយនៅ​ក្នុងមន្ទីរពេទ្យកាលម៉ែតនិយាយដោយឡែក និងនិយាយជារួមសម្រាប់កម្ពុជាទាំង​មូលនោះ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ។ ពិធីសម្ពោធសមិទ្ធផលថ្មីក្នុង​វិស័យសុខាភិបាលនៅកម្ពុជានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា ក្រោម​គំនិត​ផ្តួចផ្តើមដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល​កម្ពុជា «អគារតេជោអភិវឌ្ឍន៍» ត្រូវ​បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ក្នុងគោល​បំណងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌ​លព​ហុ​ឯកទេស​ នៃមន្ទីរពេទ្យ​កាល់​ម៉ែត ជាមន្ទីរពេទ្យបង្អែកលំដាប់ខ្ពស់ចុងក្រោយ ដើម្បីផ្តល់​នូវ​សេវាពហុឯកទេស ប្រកប​ទៅដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ទំនើប ស្របតាម​ការ​វិ​វត្ត​របស់សកល​លោកនាពេលបច្ចុប្បន្ន ដែលជាក្ដីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា។

លោករដ្ឋមន្ត្រី បន្តថា អគារព្យាបាល «តេជោអភិវឌ្ឍន៍» ជាសមិទ្ធផលដ៏ធំមួយទៀត​បន្ថែមលើសមិទ្ធផលធំៗជាច្រើនដែលក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត​បាន​កសាងកន្លងមក ដើម្បីឆ្ពោះទៅសម្រេចបានតាម​ចក្ខុវិស័យសុខភាពកម្ពុជា​ឆ្នាំ​២០៣០ គឺ «សម្រេចភាពធន់នៃប្រព័ន្ធសុខាភិបាល និង​ការគ្របដណ្តប់សុខភាព​ជា​សកល ដែលធានាកម្ពុជាមានសុវត្ថិភាព និងសុខភាពល្អ»។

បើតាមលោក ម៉ម ប៊ុនហេង គម្រោងសាងសង់អគារទាំងមូល និងបំពាក់ឧបករណ៍ សម្ភារៈមានតម្លៃទឹក​ប្រាក់សរុប ៧០,៣៣១,៨១១.១១ ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លា​របស់​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង​សប្បុរស​ជននានា ស្របតាមការអំពាវនាវជាកុសលដ៏ឧត្តុង្គឧត្តម​របស់សម្តេច​តេជោ​នាយករដ្ឋមន្តី នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោម​ពាក្យ​ស្លោក «បរិច្ចាគដើម្បីជីវិតមនុស្ស»

«អគារតេជោអភិវឌ្ឍន៍» សាងសង់អំពីបេតុងអាម៉េ លាតសន្ធឹងតាមបណ្តោយ​មហា​វិថី​ព្រះមុនីវង្សមានបណ្តោយប្រវែង ១៥៣ម៉ែត្រ ទទឹងប្រវែង​២២.៥ ម៉ែត្រ មាន​កម្ពស់ ១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃក្រឡាសរុប ៤៨,១៩៥ម៉ែត្រក្រឡា សាងសង់ស្របតាមប្រព័ន្ធស្ដង់ដារមន្ទីរពេទ្យអន្តរជាតិ (បទដ្ឋានបច្ចេកទេសបារាំង) មានគ្រែសម្រាកព្យាបាលសរុបចំនួន ៤២៦គ្រែ បែងចែកដូចខាងក្រោម៖

* ជាន់ទី២ និងទី១ ក្រោមដី៖ ចំណតយានយន្ត។
* ជាន់ផ្ទាល់ដី៖ បន្ទប់វះកាត់តូចចំនួន២, ផ្នែក​សង្គ្រោះ​បន្ទាន់មាន ៣៦គ្រែ ឱសថ​ស្ថាន, ភេសជ្ជដ្ឋាន, ហាងទំនិញ និងផ្កា,ម៉ាស៊ីន ATM និងបន្ទប់ផ្លាស់​សំលៀក​បំពាក់​​បុគ្គលិកសម្រាប់អគារទាំង​មូល។
* ជាន់ទី១៖ ផ្នែកពិគ្រោះជំងឺឯកទេសចំនួន៣០បន្ទប់, អមដោយបន្ទប់ X-ray, CT Scan, UltraSound, បញ្ឈរចុះឈ្មោះ និងអាហារដ្ឋាន។
* ជាន់ទី២៖ ផ្នែកប្រពោធនកម្ម សម្រាប់ទទួលសង្គ្រោះអ្នកជំងឺ​កម្រិតធ្ងន់ធ្ងរមាន​ចំនួន ៣២បន្ទប់ស្មើនឹង ៥១គ្រែ និងបន្ទប់លាងឈាម ចំនួន៤, ផ្នែកឯកទេសចក្ខុ​រោគ រួមមាន បន្ទប់ពិគ្រោះជំងឺចំនួន៣ បន្ទប់វះកាត់ភ្នែកចំនួន២ និងគ្រែសម្រាក​ព្យា​បាលចំនួន៤, ផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់កមានបន្ទប់ពិគ្រោះជំងឺ ៣បន្ទប់ និង​គ្រែសម្រាកព្យាបាលចំនួន០៤។
* ជាន់ទី៣៖ ផ្នែកសម្រាកមុន និងក្រោយសណ្តំ ២៥គ្រែ, បន្ទប់សម្រាករយៈពេលខ្លី ១២គ្រែ បន្ទប់ពិគ្រោះមុនសណ្តំចំនួន០៤ និងបន្ទប់វះកាត់១។ បន្ទប់វះកាត់១០ ដែល​មានកម្រិតស្ដង់ដារខ្ពស់ ជាពិសេសក្នុងនោះមានបន្ទប់សម្រាប់​ធ្វើអន្តរាគមន៍​វិទ្យុសាស្ត្រទំនើប Angiography Bi-plan សម្រាប់ឆ្លុះសរសឈាមចាប់ពីខួរក្បាល​រហូតដល់ចុងជើងសម្រាប់ប្រើប្រាស់ក្នុងការវះកាត់ចោះ ឆ្លុះ និងព្យាបាលសន្លាក់​ឆ្លុះ​បាញ់រំលាយក្រួសតម្រងនោមដោយមិនបាច់វះកាត់ដ៏ទំនើប។
* ជាន់ទី៤៖ ផ្នែកឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន មានបន្ទប់សម្រាកព្យាបាល ១៧​បន្ទប់ ស្មើនឹង៣៣គ្រែ, បន្ទប់ត្រៀមឆ្លុះ ចំនួន០១, បន្ទប់ក្រោយឆ្លុះចំនួន០១, បន្ទប់​ឆ្លុះក្រពះ-ពោះវៀន ចំនួន០៤, បន្ថែមដោយបន្ទប់ពិសេស ENDOALPHA ដែលបំពាក់បច្ចេកវិទ្យាទំនើបទាន់សម័យសម្រាប់ធ្វើ ERCP (មានសមត្ថភាព​ក្នុងការ​ឆ្លុះចាប់យកក្រួសក្នុងផ្លូវទឹកប្រមាត់រួម និងការដាក់ STENT បង្ហូរទឹកប្រមាត់ដែល​ស្ទះ ដោយជំងឺមហារីក ឬរលាកផ្សេងៗ។ បន្ទប់នេះ ក៏អាចធ្វើប្រតិបត្តិការ Echo​-​Endoscopie និងធ្វើការព្យាបាលទំនើបដោយមិនចាំបាច់វះកាត់ធំឡើយ)។
* ជាន់ទី៥៖ ផ្នែកឯកទេសជំងឺទូទៅ មានបន្ទប់សម្រាកព្យាបាលសរុបចំនួន ៤២​បន្ទប់ ស្មើនឹង ៤៨គ្រែ, បន្ទប់សម្រាកសម្រាប់ករណីជំងឺឆ្លង មានចំនួន ៩គ្រែ, បន្ទប់​ឆ្លុះទងសួតចំនួន ២បន្ទប់, បន្ទប់សម្រាក Polysomnographie ១បន្ទប់, បន្ទប់​បច្ចេកទេស ០១ និងបន្ទប់វាស់សមត្ថភាពសួត ០១។
* ជាន់ទី៦៖ ផ្នែកឯកទេសជំងឺក្រពេញ ២៣គ្រែ និងផ្នែកឯកទេសជំងឺតម្រងនោម​ចំនួន ២៥គ្រែ (ក្នុងនោះបន្ទប់លាងឈាមចំនួន៣) បានបំពាក់ដោយឧបករណ៍​ទំនើ​បកម្រិតខ្ពស់ រួមមានម៉ាស៊ីនInsulin Pump ម៉ាស៊ីនវាស់ប្រព័ន្ធវិញ្ញាណអវៈយវៈ ម៉ាស៊ីនថតបាតភ្នែកអ្នកជំងឺទឹកនោមផ្អែម និងរួមជាមួយផ្នែកជំងឺក្រពេញអ័រម៉ូន ដែលផ្តល់នូវសេវាសេវាព្យាបាលដំបៅជើងអ្នកជំងឺទឹកនោមផ្អែមព្យាបាលកម្រិតទំនើបទាន់ការអភិវឌ្ឍសកល។
* ជាន់ទី៧៖ ផ្នែកសម្រាកព្យាបាលជំងឺបេះដូង មានបន្ទប់ពិគ្រោះចំនួន៣ និងគ្រែ​សម្រាកព្យាបាលចំនួន ៤៣គ្រែ។
* ជាន់ទី៨-៩៖ បន្ទប់សម្រាកព្យាបាលពហុជំនាញចំនួន ៩៤គ្រែ។
* ជាន់ទី១០៖ ទីចាត់ការទូទៅមន្ទីរពេទ្យទាំងរដ្ឋបាល ធនធានមនុស្ស, បច្ចេកទេស,គណនេយ្យបន្ទប់ប្រជុំ និងសាលសន្និសីទ និងផ្នែកគ្រប់គ្រងជាតិពុល និងគ្រោះ​មហន្ត​រាយវេជ្ជសាស្ត្រ។
* ជាន់ទី១១៖ ផ្នែកសម្រាកព្យាបាលអន្តរជាតិ International Departement មាន ១៤បន្ទប់ ស្មើនឹង ១៤គ្រែ។
* ជាន់ទី១២៖ បន្ទប់រក្សាទុកឯកសារ, បន្ទប់ប្រជុំពហុបំណង, ប្រព័ន្ធម៉ាស៊ីន​ត្រជាក់​សម្រាប់ទូទាំងអគារ និងចំណតឧទ្ធម្ភាគចក្រ។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានឱ្យដឹងដែរថា «អគារតេជោអភិវឌ្ឍន៍» នេះ អាច​ផ្តល់​សេវាសុខាភិបាលជូនអ្នកជំងឺប្រមាណ ២៥០,០០០នាក់ក្នុងមួយឆ្នាំ។ លើសពី​នេះ អគារតេជោអភិវឌ្ឍន៍ នឹងក្លាយជាមជ្ឈ​មណ្ឌលបណ្តុះបណ្តាល​ដល់និស្សិត​សម្រាប់​ធ្វើការសិក្សា និងស្រាវជ្រាវផ្នែកវេជ្ជ​សាស្ត្រ​តាម​ប្រព័ន្ធឌីជីថលដ៏ទំនើប​ឈាន​មុខក្នុងប្រទេស។

លោក ម៉ម ប៊ុនហេង បានគូសរំលេចថា សមិទ្ធផលដ៏ធំធេងនេះ កើតចេញពីការដឹក​នាំ​ប្រកប​ដោយស្មារតីបុរេសកម្ម ចក្ខុ​វិស័យ​វែងឆ្ងាយ ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។ ជាពិសេស​ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ​សណ្តាប់​ធ្នាប់ និងសុវត្ថិ​ភាពសង្គម។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៀតថា តម្លៃសន្តិភាពដែលកម្ពុជាកំពុងតែមាន និង​ខិតខំថែរក្សានៅពេលនេះ គឺពិតជាកត្តាសំខាន់បំផុត ដែលប្រជាពលរដ្ឋកម្ពុជា​ត្រូវតែ​ចងចាំជានិច្ច និងចូលរួមថែរក្សាការពារឱ្យឋិតថេរជាអមតៈ៕