(ភ្នំពេញ)៖ នៅចំពោះមុខឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតនៃប្រទេសនានា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញសមិទ្ធផលដែលកម្ពុជាកំពុងស្ថាបនាឡើង និងបានរំឭកថារាជរដ្ឋាភិបាលកម្ពុជាបានខិតខំកសាងសមិទ្ធផលចាប់ពីនេះទាំងបាតដៃទទេ និងមានរបួសផងទៀត ខុសស្រឡះពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសដទៃដែលឡើងកាន់តំណែងមក គឺមានសមិទ្ធសង្គម-សេដ្ឋកិច្ចស្រាប់ៗ។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសម្ពោធអគារថ្មី (អគារតេជោអភិវឌ្ឍ) នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

គួររំឭកថា ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ ប្រទេសកម្ពុជាមិនសូវមានសន្តិភាពពេញលេញនោះឡើយ កិត្យានុភាពក៏ធ្លាក់ចុះ ពិសេសនៅអំឡុងសតវត្សចុងក្រោយ កម្ពុជាបានជួបនូវវិបត្តិសង្គ្រាមប្រឆាំងគ្នាទៅវិញទៅមក ដោយមានការលុកលាន់ញុះញង់ពីបរទេសមួយចំនួនផង ដែលបាននាំទៅដល់ការកាប់សម្លាប់ប្រជាជនឯង បំផ្លាញសមិទ្ធផលសង្គម-សេដ្ឋកិច្ចខ្ទេចខ្ទីគ្មានសល់។ ចាប់ពីថ្ងៃរំដោះ៧មករា១៩៧៩មក កម្ពុជាហាក់ស្គាល់នូវភាពរស់រានឡើងវិញ រហូតដល់ឆ្នាំ១៩៩៨ទើបសន្តិភាពកើតឡើងពេញលេញក្នុងផ្ទៃប្រទេស ហើយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក៏បានខិតខំកសាងប្រទេសឡើងវិញរហូតដល់មានការរីកចម្រើននាពេលបច្ចុប្បន្ន ហើយក៏កំពុងស្ថាបនាសមិទ្ធផលសង្គម-សេដ្ឋកិច្ចតទៅមុខទៀតដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតនៃប្រទេសនានា សូមសម្លឹងមើលសមិទ្ធផលដែលកម្ពុជាមាននិងកំពុងកសាង។ កម្ពុជាជាប្រទេសក្រ តែខិតខំត្រដររស់ ត្រដររស់តាំងពីភ្នំពេញមានតែភាពទទេ ហើយមកដល់ពេលនេះរាជរដ្ឋាភិបាលមានសមត្ថភាពខំប្រឹងធ្វើបណ្ដើរៗ ខុសពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រីប្រទេសមួយចំនួនដែលឡើងកាន់តំណែងមក មានសមិទ្ធផលសង្គម-សេដ្ឋកិច្ចសព្វគ្រប់បែបយ៉ាង គ្រាន់តែរៀបចំ ដាក់ចេញ និងអនុវត្តគោលនយោបាយប៉ុណ្ណោះ។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ប្រធានាធិបតី នាយករដ្ឋមន្ត្រីរបស់អស់លោកអ្នក ស្រួលណាស់ ស្រួលជាងខ្ញុំ ស្រួលឆ្ងាយ ដោយសារឡើងមកមានស្រាប់ៗ (មានសមិទ្ធផលផ្សេងៗច្រើន) គ្រាន់តែដាក់ចេញគោលនយោបាយ អនុវត្តទៅ ឯពួកខ្ញុំនេះចាប់ផ្ដើមឡើង ដៃម្ខាងទប់ខ្មែរក្រហមកុំឱ្យមកវិញ ដៃម្ខាងទៀតត្រូវកសាងប្រទេស ចាប់ពីពីលេខសូន្យ ចាត់ទុកថាពួកខ្ញុំចាប់ផ្ដើមពីបាតដៃទទេ ហើយបាតដៃហ្នឹងរបួសទៅទៀត ត្រូវគេដាក់ទណ្ឌកម្ម ប៉ុន្តែយើងខ្ញុំប្រឹងតោងធ្វើម៉េចឱ្យរស់ នេះជាចំណុចដែលអស់លោកអ្នកអាចមើលឃើញថា ចរិតរបស់យើងខ្ញុំ គឺយ៉ាងណា»

ក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីចង់ឱ្យមិត្តបរទេសសូមងាកមកជួយ ឬបង្កើនការជួយជ្រោមជ្រែងដល់កម្ពុជាក្នុងការកសាងអភិវឌ្ឍជាតិឱ្យរីកចម្រើនតទៅមុខទៀត តែសូមកុំប្រើនយោបាយបំបែកបំបាក់ បំផ្លាញសុខសន្តិភាព ស្ថិរភាពនយោបាយនៅកម្ពុជា ព្រោះកម្ពុជាជួបរឿងកម្សត់ច្រើនណាស់ទៅហើយ ដោយសារតែការអូសទាញរបស់មិត្តបរទេសកាលគ្រាអតីតកាល។ កម្ពុជាខំប្រឹងរស់បានដូចពេលបច្ចុប្បន្ននេះ ក៏ព្រោះជួបភ័ព្វសន្តិភាព ស្ថិរភាពនយោបាយ មិនមែនលូតលាស់ចេញពីសង្គ្រាម ឬក៏នយោបាយប្រឆាំងនោះឡើយ ហើយកម្ពុជាក៏ចង់រស់នៅសុខសាន្ត រស់នៅដោយរីកចម្រើនដូចមិត្តបរទេសដែរ៕