(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ពីថវិកា និងដើមចមដែលនាំឱ្យមានការកសាងអគារព្យាបាល «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត្រ និងបានថ្លែងអំណរគុណសប្បុរសជនដែលបានចូលរួមជាមួយសម្តេច ផ្តល់ថវិកាផ្ទាល់ខ្លួនសម្រាប់សាងសង់អគារព្យាបាលនេះឡើង។

ការបញ្ជីពីថវិកា និងដើ​មចមបកសាងអគារព្យាបាលនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញអញ្ជើញសម្ពោធអគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត តម្លៃជាង ៧០លានដុល្លារ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ហើយខ្ញុំក៏អរគុណចំពោះសប្បុរសជននានាដែលបានគាំទ្រសម្រាប់ការអំពាវនាវរបស់ខ្ញុំ ក៏ដូចជាជូនចំពោះឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានយល់ព្រមតាមសំណើររបស់ខ្ញុំជាមួយការទម្លាក់ថវិកា ៣០លានដុល្លារ សម្រាប់មកកាន់ទីនេះ»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកសាងអគារព្យាបាល «អគារតេជោអភិវឌ្ឍន៍» នេះឡើងពិតជាមានទំនាក់ទំនងជាមួយសម្តេច នៅពេលនោះម្តាយក្មេករបស់សម្តេចត្រូវបានបញ្ជូនមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដែលធ្វើឱ្យខកខានមិនបានចេញទៅចូលរួមប្រជុំអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅពេលដែលសម្តេចនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីតាមដានជំងឺរបស់ម្តាយក្មេក សម្តេចក៏បានឃើញនូវអគារដែលកំពុងសាងសង់ សម្តេចក៏បានសួរនាំទៅប្រធានមន្ទីរពេទ្យកាល់ម៉ែត ពីគម្រោងសាសង់អគារនេះមានរយៈពេលប៉ុន្មានឆ្នាំទើបរួចរាល់ ពេលនេះសម្តេចបានទទួលចម្លើយថាប្រហែល១០ឆ្នាំ ព្រោះត្រូវការថវិកាច្រើន។

សម្តេចតេជោ ហ៊ុន សែន បានបានគូសបញ្ជាក់ថា៖ «អ៊ឹចឹងទេ បើពឹងពាក់ទៅលើសមត្តភាពធនធានរបស់មន្ទីរពេទ្យកាល់ម៉ែត ពិតជាមិនអាចទៅរួចទេ ស្ថានភាពមន្ទីរពេទ្យកាល់ម៉ែត របស់យើង គឺជាមន្ទីរពេទ្យដែលចាត់ទុកថាជាមន្ទីរពេទ្យពហុបច្ចេកទេសនៅទីនេះ ប៉ុន្តែ មន្ទីរពេទ្យរបស់យើងមិនមានសមត្ថភាពគ្រប់គ្រាន់ ធនធានមនុស្សមាន ប៉ុន្តែ ខ្វះសម្ភារបច្ចេកទេស ខ្វះកន្លែងព្យាបាល ដូច្នេះ ហើយខ្ញុំក៏ចាប់ផ្តើមធ្វើការដំបូងទូរស័ព្ទទៅឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដើម្បីសួរបញ្ជាក់ពីស្ថានភាពថវិកា ក្រោយពិភាក្សាហើយក៏បានទម្លាក់ថវិកា ៣០លានដុល្លារ ចូលមកកាន់ទីនេះ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បន្ទាប់ពីទម្លាក់ថវិកាចំនួន ៣០លានដុល្លារ សម្រាប់កសាងអគារព្យាបាល «តេជោអភិវឌ្ឍន៍» នេះ សម្តេចបានធ្វើចលនាបរិច្ចាគថវិកា ដើម្បីជីវិតមនុស្ស ហើយមានសប្បុរសជនមួយចំនួនក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមរយៈគណបក្សប្រជាជនកម្ពុជា ចំនួន ៣០លានដុល្លារ ដែលធ្វើឱ្យថវិកាកើនឡើងចំនួន៦០លានដុល្លារ បូករួមទាំងថវិការបស់រដ្ឋាភិបាលចំនួន ៣០លានដុល្លារ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន​ សែន បានបន្តថា បន្ទាប់ពីមានថវិកាចំនួន៦០លានដុល្លារ ហើយសម្តេចក៏បានធ្វើការអំពាវនាវតាម Facebook ក៏មានសប្បុរសជននានាបាននាំគ្នាបរិច្ចាគថវិកាជាបន្តបន្ទាប់សម្រាប់ចូលរួមដំណើរការកសាងអគារព្យាបាល «តេជោអភិវឌ្ឍន៍»នេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា មានសប្បុរសជនពីរនាក់ ប្រកាសចូលលុយជួយសាងសង់អគារព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែអត់ទាន់ឱ្យលុយ។ សម្បុរសជនម្នាក់ប្រកាសបរិច្ចាគចំនួន ២លានដុល្លារ និងម្នាក់ទៀត ប្រកាសបរិច្ចាគ ២០ម៉ឺនដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ថវិកាបានពីសប្បុរសជនសម្រាប់សាងសង់អគារព្យាបាលនៅពេទ្យកាល់ម៉ែត មានចំនួនសរុប ២២៣នាក់ ស្មើនឹង ៧២លានដុល្លារ។ ថវិកាទទួលបានសម្រាប់កសាងអគារព្យាបាល និងបំពាក់បរិក្ខា​នៅពេទ្យកាល់ម៉ែតសរុប ១០២លាន ៨សែនដុល្លារ និង២៨១លានរៀល។

ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល កម្ពុជា «អគារតេជោអភិវឌ្ឍន៍» ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌលពហុឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីរពេទ្យបង្អែកលំដាប់ខ្ពស់ចុងក្រោយ ដើម្បីផ្តល់នូវសេវាពហុឯកទេសប្រកប ទៅដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ទំនើប ស្របតាមការវិវត្តរបស់សកលលោកនាពេលបច្ចុប្បន្ន ដែលជាក្ដីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា។

«អគារតេជោអភិវឌ្ឍន៍» នេះ អាចផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺប្រមាណ ២៥០,០០០នាក់ក្នុងមួយឆ្នាំ។ លើសពីនេះអគារតេជោអភិវឌ្ឍន៍នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដល់និស្សិតសម្រាប់ ធ្វើការសិក្សា និងស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រតាមប្រព័ន្ធឌីជីថលដ៏ទំនើបឈានមុខក្នុងប្រទេស៕