(ភ្នំពេញ)៖ លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ តំណាងលោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យលើរបាយការណ៍វាយតម្លៃតម្រូវការបណ្ដុះបណ្ដាល នៃគម្រោងកសាងសមត្ថភាពស្តីពីវិធីសាស្ត្រថែទាំផ្លូវថ្នល់ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។

សិក្ខាសាលានេះ ក៏មានការចូលរួមមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូននៃប្រទេសកម្ពុជា ក្រសួងដឹកជញ្ជូននៃប្រទេសវៀតណាម ក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសឡាវ និងតំណាងសមាគមន៍ពាក់ព័ន្ធ សរុបសិក្ខាកាមប្រមាណ ៦០រូប។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីជួយពិនិត្យផ្ទៀងផ្ទាត់ ផ្តល់ធាតុចូល និងយោបល់បន្ថែមទៅលើលទ្ធផលនៃការវាយតម្លៃតម្រូវការបណ្តុះបណ្តាល ក្នុងន័យជួយកែលម្អឱ្យរបាយការណ៍វាយតម្លៃតម្រូវការបណ្តុះបណ្ដាល នៃគម្រោងនេះ កាន់តែល្អប្រសើរឡើង និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ លើសពីនេះទៅទៀតកិច្ចពិភាក្សាមួយនេះ ក៏បានផ្តល់ឱកាសដល់ប្រទេសទាំងបីសិក្សាពីគ្នាទៅវិញទៅមក ដែលជាផ្នែកសំខាន់មួយទៀតនឹងនាំមកនូវផលប្រយោជន៍រួម ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់។

ថ្លែងនាឱកាសនោះលោក វ៉ាស៊ឹម សុរិយា ក៏បានចូលរួមអបអរសាទរ និងកោតសរសើរដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ទាំងការងារស្នូល និងការស្វែងរកកិច្ចសហការ គាំទ្រពីដៃគូជាតិ និងអន្តរជាតិ ក្នុងគោលដៅឆ្ពោះទៅរកចក្ខុវិស័យរួម របស់វិទ្យាស្ថានផ្ទាល់ ក៏ដូចជារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគោលដៅនោះគឺ «ការកសាង និងពង្រឹងធនធានមនុស្សក្នុងវិស័យសាធារណការ និងដឹកជញ្ជូន»។

លោក វ៉ាស៊ឹម សុរិយា បានបន្ថែមថា សិក្ខាសាលានាឱកាសនេះគឺជាសក្ខីភាពនៃសមិទ្ធិផលថ្មីមួយទៀតរបស់វិទ្យាស្ថាន ដែលនឹងឈានឆ្ពោះទៅការរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីវិធីសាស្រ្តថែទាំផ្លូវ-ថ្នល់ មិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសវៀតណាម និងឡាវ ផងដែរ។

គួរកត់សម្គាល់ផងដែរថាគម្រោងកសាងសមត្ថភាពស្តីពីវិធីសាស្ត្រ ថែទាំផ្លូវថ្នល់នេះ ត្រូវបានអនុវត្ត ដោយនាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការនៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដែលទទួលបានការអនុម័តថវិកាពីមូលនិធិក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្ដិការមេគង្គ-សាធារណរដ្ឋកូរ៉េ (MKCF) តាមរយៈវិទ្យាស្ថានមេគង្គសម្រាប់រយៈពេល ២៤ខែ៕