(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានបើកវគ្គលើកកម្ពស់ការយល់ដឹងស្តីពី «ជំនាញនៃការប្រាស្រ័យទាក់ទង - Communication Skills» ជូនដល់ប្រតិភូយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១០រូប ដែលនឹងត្រៀមខ្លួនចូលរួមក្នុងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អាស៊ី-អាគ្នេយ៍ នៅថ្ងៃទី១៧ ដល់ទី ២០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដែលកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

វគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នាទីស្នាក់ការកណ្តាល ក្រោមវត្តមាន លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា, លោក យូ ឡាណា អគ្គលេខាធិការរងទី២, លោក ម៉ារ យ៉ារឹទ្ធិ ប្រធានកម្មវិធី APSARA NET, និងធ្វើបទឧទ្ទេសនាមដោយ លោក ជា មករា មន្ត្រីទំនាក់ទំនងសាធារណៈ APSARA NET ព្រមទាំងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុបចំនួន ៤៥នាក់។

បន្ទាប់ពីបានស្តាប់មតិតម្រង់ទិសដោយ លោកស្រី ម៉ែន នារីសោភ័គ រួមជាមួយលោក ជា មករា អ្នកចូលរួមទាំងអស់ ជាពិសេសប្រតិភូយុវជនទាំង ១០រូប មានការយល់ដឹងបន្ថែម ស្តីពីជំនាញនៃការប្រាស្រ័យទាក់ទង។

វគ្គបណ្ដុះបណ្ដាលនេះ ក៏មាននូវប្រធានបទដ៏មានសារៈសំខាន់ដែលនឹងត្រូវយកទៅពិភាក្សាក្នុងវេទិកាយុវជនលើកទី២។ ជាមួយគ្នានេះ អ្នកចូលរួមទាំងអស់ ក៏បានសិក្សារៀនសូត្របន្ថែមស្តីពីជំនាញមួយចំនួនទៀតដូចជា ជំនាញនៃការថ្លែងជាសារធារណៈ, ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយឬប្រព័ន្ធព័ត៌មាន, ទំនាក់ទំនងសាធារណៈ, ការផ្សព្វផ្សាយ ឬការប្រាស្រ័យទាក់ទងតាមអនឡាញ, និងជំនាញនៃការពពាយនាយ (Pitching Skills) ជាដើម៕